កិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលរបាយការណ៍ប្រចាំខែមិថុនាឆ្នាំ២០២៦របស់រដ្ឋបាលខេត្តកំពង់ធំ
AKPកំពង់ធំថ្ងៃទី០៤ខេត្តកក្កដាឆ្នាំ២០២៦ -- លោក លី វេត អភិបាលរងខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលរបាយការណ៍របស់រដ្ឋបាលខេត្តប្រចាំខែមិថុនាឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យខ្លឹមសារ កែសម្រួលនិងបំពេញបន្ថែមព័ត៌មានឱ្យមានភាពគ្រប់ជ្រុងជ្រោយមុនដាក់ជូនថ្នាក់ដឹកនាំពិនិត្យនិងអនុម័តដោយមានការចូលរួមពីតំណាងកងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងការិយាល័យពាក់ព័ន្ធ ដែលបានរួមគ្នាពិនិត្យនិងផ្តល់យោបល់លើខ្លឹមសាររបាយការណ៍ ដើម្បីធានាភាពត្រឹមត្រូវនិងភាពសុក្រឹតនៃទិន្នន័យ។

លោកលី វេតបានថ្លែងអំណរគុណនិងកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់មន្ទីរ អង្គភាពនិងភាគីពាក់ព័ន្ធទាំងអស់ដែលបានពិនិត្យ កែសម្រួលនិងផ្តល់យោបល់លើចំណុចខ្វះខាតនានា ដើម្បីលើកកម្ពស់គុណភាពរបាយការណ៍ឱ្យកាន់តែមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

លោកអភិបាលរងខេត្តបានជំរុញឱ្យមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈ មនសិការ និងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការ ដោយយកចិត្តទុកដាក់បំពេញការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងពង្រឹងកិច្ចសហការជាមួយគ្នាដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបានលទ្ធផលល្អនិងរួមចំណែកជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនប្រកបដោយចីរភាពលើគ្រប់វិស័យ៕

ដោយ៖ ស៊ុម វណ្ណា





