ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ សមរភូមិមុខ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ បានពាំនាំនូវប្រសាស្រ្តផ្តាំផ្ញើសុខទុក្ខ ដោយក្តីនឹករលឹក និងស័ព្ទសាធុកាពរជ័យ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ពីសំណាក់ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនចំពោះយោធិន និងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងជួបប្រទះតែសេចក្ដីសុខគ្រប់ប្រការ។

ក្នុងឱកាសនោះ ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពល បានថ្លែងនូវការកោតសរសើរ ចំពោះនាយទាហាន នាយទាហានរង និងពលពលទានរបស់កងពលកន្លងមកដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ឆ្លងកាត់គ្រោះថ្នាក់ និងឧបសគ្គគ្រប់ជំពូកដើម្បីបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ។
ឯកឧត្តមមេបញ្ជាការបានរំលឹកឡើងវិញអំពីព្រឹត្តិការណ៍សំខាន់ថ្មីៗ ដោយគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់លើ កងពលតូចអន្តរាគមន៍លេខ១ បានឈរជើងការពារបូរណភាពទឹកដី ប្រកបដោយ ឆន្ទៈស្នេហាជាតិមុះមុត អង់អាចក្លាហាន និងប្រកបដោយស្មារតី គោរពវិន័យ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ។ បច្ចុប្បន្ន កងពលបានសហការជាមួយ អង្គភាពមិត្តឈរជើងការពារ បណ្តាមុខព្រួញដែលទទួលខុសត្រូវបានយ៉ាងរឹងមាំ។

ឯកឧត្តមមេបញ្ជាការក៏បានមានមតិផ្តាំផ្ញើដល់នាយទាហាន ដែលត្រូវបានប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិថ្មីនាពេលនេះ ត្រូវបង្កើននូវស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខតំណែង និងភារកិច្ចថ្មី ដើម្បីឱ្យសក្តិសមនិងទំនុកចិត្តរបស់ថ្នាក់ដឹកនាំ ត្រូវគោរពច្បាប់នានារបស់រដ្ឋ ច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ សារាចរ បទបទបញ្ជារបស់ថ្នាក់លើ រក្សាការសម្ងាត់យោធា ពង្រឹងសាមគ្គី ឯក ភាពភាពផ្ទៃក្នុងឱ្យយបានរឹងមាំ ពង្រឹងស្មារតី ឆន្ទៈប្រយុទ្ធស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ចំពោះរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងដាច់ខាត ការធ្វើបដិវត្តន៍ពណ៌ របស់ពួកជនក្បត់ជាតិមួយក្តាប់តូច ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល ផ្តួលរំលំរបបរាជានិយមនៅកម្ពុជា ជាមួយនឹងការតស៊ូ ប្រយុទ្ធការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដើម្បីសុខសន្តិភាពជូនជាតិទាំងមូល៕
ដោយ សំ សាម៉ន (ប្រភព៖ កងទ័ពជើងគោក)





