ខណ្ឌរដ្ឋបាលជលផលកំពង់ចាមលែងត្រីកម្រ៣ប្រភេទចូលក្នុងទន្លេវិញ
AKP កំពង់ចាម ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦-- ខណ្ឌរដ្ឋបាលជលផលកំពង់ចាមសហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប បានរៀបចំពិធីលែងត្រី ជាប្រភេទត្រីកម្រចំនួន៣ប្រភេទ ដែលជាប្រភេទត្រីជិតផុតពូជ និងបានកំពុងអភិរក្ស ចូលទៅក្នុងទន្លេវិញ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីចូលរួមអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ២០២៦ ដោយមានការចូលរួមពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ប្រធាននាយកដ្ឋានអធិការកិច្ចជលផល នៃអគ្គនាយកដ្ឋានជលផល អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអជ្ញាធរស្រុកកងមាស។

លោក លី ស៊្រី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានឱ្យដឹងថា ចំពោះត្រីដែលបានធ្វើការលែងត្រីទាំង៣ប្រភេទចូលក្នុងដែនធម្មជាតិទន្លេវិញរួមមាន ប្រភេទត្រីរាជ១ក្បាលទម្ងន់ជាង ៤៥ គីឡូក្រាម ត្រីត្រសក់ចំនួន២ ក្បាល ដែលមានទម្ងន់៣គីឡូក្រាម និង៤គីឡូក្រាម និងត្រីគល់រាំងចំនួន៧ក្បាល ដែលមានទម្ងន់ចាប់ពី៣គីឡូក្រាម ដល់១៥គីឡូក្រាម។

លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានបញ្ជាក់ថា ចំពោះត្រីកម្រទាំង៣ប្រភេទនេះគឺបានមកពីសប្បុរសជនដែលជាអ្នកប្រកបមុខរបរចិញ្ចឹមត្រីក្នុងខេត្តផ្តល់ជូន ក្រោមការ យកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះអប់រំផ្សព្វផ្សាយ របស់ជំនាញជលផលអំពីការរួមគ្នា ធ្វើការអភិរក្ស ថែរក្សាការពារនៅពពួកមច្ឆជាតិដែលជិតផុតពូជ និងកម្រនេះ។

លោកបានលើកឡើងថា ការលែងត្រីកម្រទាំង៣ប្រភេទនេះចូលក្នុងដែនធម្មជាតិទន្លេវិញគឺជាចូលរួមបង្កើនបរិមាណត្រីកម្រប្រភេទនេះក្នុងដែននេសាទធម្មជាតិ និងសូមអំពាវនាវដល់ប្រជានេសាទទាំងអស់ រួមគ្នាថែរក្សា ការពារនូវធនធានជលផល កុំនេសាទ ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ត្រូវបានហាមឃាត់ ព្រោះមច្ឆជាតិផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងជីវភាពរស់នៅដោយធានាបាននូវសន្តិសុខស្បៀង ប្រចាំថ្ងៃហើយការលែងត្រី ប្រភេទកម្រ ចូលទន្លេវិញ ក្នុងគោលបំណងថែរក្សា និងអភិរក្ស ពូជត្រីប្រភេទទាំងនេះឱ្យបានគង់វង្ស រួមចំណែកអភិរក្សធនធានជលផលឱ្យមាននិរន្តរភាព៕

ដោយ ឆាយ ម៉ុត





