លោក ទីវ តារារិទ្ធិ រៃអង្គាសថវិកាបានជាង២៦ម៉ឺនដុល្លារ សម្រាប់ជួយដល់កុមារកម្ពុជា លើកការរំពឹងទុក
AKP សៀមរាប ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦-- លោក ទីវ តារារិទ្ធិ បានជិះកង់ជុំវិញពិភពលោកដើម្បីរៃអង្គាសថវិកាសម្រាប់ជួយដល់កុមារកម្ពុជា ដោយលោកបានចាប់ចេញដំណើរពីខេត្តសៀមរាប នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ និងមកដល់ខេត្តសៀមរាបវិញនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងរយៈចម្ងាយផ្លូវ ៦០ ០០០គីឡូម៉ែត្រ ឆ្លងកាត់៤០ប្រទេស និងរៃអង្គាសថវិកាបានចំនួន ២៦០,២៤៣.៥៧ ដុល្លារសហរដ្ឋអាមេរិកសម្រាប់ផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរនិងមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ឧបត្ថម្ភ និងទ្រទ្រង់ដល់ការពិនិត្យព្យាបាល និងថែទាំសុខភាពកុមារ។

លោកសាស្រ្តាចារ្យ នួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានថ្លែងថា សម្រាប់មន្ទីរពេទ្យកុមារអង្គរពិតជាមានមោទកភាពជាខ្លាំងចំពោះការខិតខំរបស់លោក ទីវ តារារិទ្ធិ សម្រាប់ជួយដល់កុមារកម្ពុជា ដោយកាលពីលើកទី១ នៅក្នុងឆ្នាំ២០២៣ លោកបានជិះកង់នៅក្នុងតំបន់អាស៊ីឆ្លងកាត់ចំនួន៦ប្រទេស រៃអង្គាសថវិកាបានចំនួន ៥ ៦០០០ ដុល្លារ។ ហើយនៅក្នុងឆ្នាំ២០២៤ លោកបានសម្រេចជិះកង់ម្តងទៀតទៅកាន់ទ្វិបចំនួន៣ ដែលពេលនេះ លោកបានមកដល់ខេត្តសៀមរាបវិញ ដោយរៃអង្គាសថវិកាបានចំនួន ២៦០,២៤៣.៥៧ ដុល្លារសហរដ្ឋអាមេរិកសម្រាប់ផ្តល់ជូនមន្ទីរពេទ្យទាំងពីរ ទ្រទ្រង់ដល់ការពិនិត្យព្យាបាល និងថែទាំសុខភាពកុមារ ដែលនេះ គឺពិតជាអស្ចារ្យសម្រាប់ការលះបង់របស់លោកដើម្បីកុមារកម្ពុជា។ លោកបានបន្តថា គិតមកដល់បច្ចុប្បន្នមន្ទីរពេទ្យកុមារអង្គរ ដំណើរបានជាង ២៧ឆ្នាំហើយ នឹងបានជួយសង្គ្រោះ ពិនិត្យ និងព្យាបាលកុមារកម្ពុជាបានប្រមាណ ៣លាននាក់។ លោកថា ប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យកុមារអង្គរ បានផ្ដល់សេវាពិនិត្យព្យាបាលកុមារក្នុងមួយខែៗប្រមាណ ១ម៉ឺននាក់ ដែលត្រូវការថវិកា ៥០ម៉ឺនដុល្លារក្នុងមួយខែ ឬ ៦លានដុល្លារក្នុងមួយឆ្នាំ។

លោក ទីវ តារារិទ្ធិ បានលើកឡើថា នៅក្នុងរយៈពេល២ឆ្នាំនេះ លោកបានឆ្លងកាត់ការលំបាកជាច្រើន ប៉ុន្តែលោកនៅតែតស៊ូរហូតមកដល់គោលដៅដើម្បីកុមារកម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះប្រជាពលដ្ឋខ្មែរ និងបរទេស ជាពិសេសបណ្តាក្រុមហ៊ុនធំៗមួយចំនួនដែលបានចូលរួមក្នុងការឧបត្ថម្ភ ដើម្បីតែកុមារកម្ពុជា។ ការជិះកង់រៃអង្គាសថវិកាសម្រាប់ជួយដល់កុមារកម្ពុជាជាលើកទី៣ និងកើតមានបន្តទៀតនាពេលខាងមុខ។

លោក លី សារី អភិបាលរងខេត្តសៀមរាប បានសម្តែងនូវការអបអរសាទរយ៉ាងស្ញប់ស្ញែងចំពោះជោគជ័យជាប្រវត្តិសាស្ត្រនៃយុទ្ធនាការជិះកង់លោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងឯករាជ្យ ដើម្បីកុមារកម្ពុជា។
លោកបានបន្តថា ក្នុងរយៈចម្ងាយផ្លូវ ៦០ ០០០គីឡូម៉ែត្រ ឆ្លងកាត់៤០ប្រទេសនេះ មិនមែនគ្រាន់តែជាចម្ងាយផ្លូវ ឬពេលវេលានោះទេ ប៉ុន្តែវាគឺជាភស្តុតាងនៃក្តីស្រឡាញ់ដ៏មហិមា ដែលមនុស្សម្នាក់អាចលះបង់ កម្លាំងកាយ ចិត្ត និងពេលវេលា ដើម្បីស្នាមញញឹមរបស់កុមារដែលកំពុងត្រូវការជំនួយ។

លើសពីនេះ គឺជាបេសកកម្មនាំសារសន្តិភាព និងមនុស្សធម៌ រាល់ការបង្វិលកង់មួយជុំៗ គឺជាការផ្សព្វផ្សាយពីតម្រូវការសុខភាពរបស់កុមារកម្ពុជាទៅកាន់ពិភពលោក និងជានិមិត្តរូបនៃការតស៊ូមិនបោះបង់ ឆ្លងកាត់ការប្រែប្រួលអាកាសធាតុ ផ្លូវលំបាក សេចក្តីនឿយហត់ និងឧបសគ្គរាប់ម៉ឺនជំពូក ឆ្លងកាត់ទ្វីប និងព្រំដែននៃប្រទេសចំនួន៤០ លើពិភពលោក។រាល់គីឡូម៉ែត្រដែលប្អូនបានឆ្លងកាត់ គឺជាការផ្តល់ក្តីសង្ឃឹម និងជីវិតថ្មីដល់កុមារកម្ពុជារាប់ពាន់នាក់ ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា៕

ដោយ ឃុត សៅ





