សហគមន៍កសិកម្មទំនើបទុរេនបង្កើតឡើងលើកដំបូងគេបង្អស់នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦--សហគមន៍កសិកម្មទំនើបទុរេនទឹកឈូកំពតបានបង្កើតឡើងជាលើកដំបូងគេបង្អស់នៅកម្ពុជា។ ការបង្កើសហគមន៍កសិកម្មទំនើបទុរេននេះដែរ បានប្រកាសទទួលស្គាល់សមាជិកជាផ្លូវការចំនួន៦១គ្រួសារ ដែលមានផ្ទៃដីផលិតកម្មសរុប១៥៣ហិកតា ដោយរំពឹងថានឹងទទួលបានទិន្នផលប៉ាន់ស្មានប្រមាណ១៨០០តោនក្នុងមួយឆ្នាំ។

ដោយឡែក អ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងថាចំណុចសំខាន់ដែលមានការបង្កើតចងក្រងសហគមន៍កសិកម្មទំនើបទុរេន ឡើងនេះគឺធ្វើឡើងក្រោយពីមើលឃើញសក្តានុពលចំនួន៣សម្រាប់គាំទ្រដល់សហគមន៍នោះគឺ៖ ទី១. ក្រសួងកសិកម្មនឹងព្យាយាមសម្របសម្រួលធ្វើយ៉ាងណាឱ្យសមាជិកសហគមន៍ទទួលគាំទ្រ ផ្នែកដើមទុន ដោយសារទុរេនតម្រូវការខ្ពស់ក្នុងការថែទាំ។ ទី២. ក្រសួងនឹងគាំទ្រទៅលើបច្ចេកទេសបានត្រឹមត្រូវ ហើយក្នុងនេះចង់ឱ្យសមាជិកសហគមន៍ចុះបញ្ជី ឈ្មោះជាចំការដែលអាចនាំចេញទៅកាន់ប្រទេសចិនបាន ដែលនេះហើយវាទាមទារនូវការសិក្សាបច្ចេកទេសបានត្រឹមត្រូវ។ ក្រសួងនឹងបញ្ជូនអ្នកបច្ចេកទេសជំនាញផ្នែកភូតគាមអនាម័យមកជួយដើម្បីឱ្យសមាជិកសហគមន៍ទាំងអស់មានលទ្ធភាព អាចចុះបញ្ជីក្នុងការនាំចេញទុរេន ទៅកាន់ប្រទេសចិន។ ទី៣. ក្រសួងនឹងតភ្ជាប់ទីផ្សារដល់សមាជិកសហគមន៍។

ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងដែរថាកន្លងមកមន្រ្តីជំនាញ បានធ្វើការជាមួយចំការទុរេន និងកន្លែងវេចខ្ចប់ជាច្រើនកន្លែង ក្នុងការធ្វើយ៉ាងណាអាចមានសមត្ថភាពក្នុងការនាំចេញទៅកាន់ប្រទសចិន។ពិសេសជាងនេះការប្រើប្រាស់ «ប្រព័ន្ធតាមដានប្រភពដើម» (Traceability System) ដែលអភិវឌ្ឍដោយក្រសួងកសិកម្ម នោះនឹងជួយដល់សហគមន៍កសិកម្មទំនើបក្នុងការ ជួយកសាងទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកបរិភោគ ក៏ដូចជាជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃផលិតកម្មដំណាំទុរេនកម្ពុជាលើទីផ្សារ៕


ដោយ៖ មករា





