កម្ពុជា-ជប៉ុន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡារវាងប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦--ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម HAYASHI Hajime សមាជិកក្រុមប្រឹក្សាភិបាលជាន់ខ្ពស់នៃគណៈកម្មាធិការអូឡាំពិកជប៉ុន (JOC) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡារវាងប្រទេសទាំងពីរ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងភាពជាដៃគូដ៏រឹងមាំយូរអង្វែងរវាងកម្ពុជា និងជប៉ុន ដែលបាន និងកំពុងរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យកីឡា ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុនឱ្យកាន់តែស៊ីជម្រៅ ឆ្ពោះទៅការអភិវឌ្ឍវិស័យកីឡាប្រកបដោយចីរភាព។ បន្ថែមពីនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈអំពីការអភិវឌ្ឍកីឡា ការកសាងកីឡាករកម្រិតខ្ពស់ ការលើកកម្ពស់កីឡាក្នុងសាលារៀន និងការជំរុញឱ្យប្រជាពលរដ្ឋចូលរួមហាត់ប្រាណ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ។

ភាគីជប៉ុនបានស្វាគមន៍ចំពោះការចូលរួមរបស់កម្ពុជាក្នុងការប្រកួតកីឡាអាស៊ីលើកទី២០ និងបានជូនពរឱ្យគណៈប្រតិភូកម្ពុជាទទួលបានជោគជ័យ។ ជាការឆ្លើយតប ភាគីកម្ពុជាបានអបអរសាទរប្រទេសជប៉ុនក្នុងការធ្វើជាម្ចាស់ផ្ទះ និងបានអញ្ជើញជប៉ុនចូលរួមការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបន្តពង្រឹង និងកែលម្អសមត្ថភាពកីឡា ពង្រីកការចូលរួមនៅក្នុងវិស័យកីឡា ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀនសូត្រពីបទពិសោធន៍របស់ប្រទេសជប៉ុន ដែលជាប្រទេសឈានមុខគេមួយលើវិស័យកីឡាលំដាប់ពិភពលោក។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានរំលេចពីគន្លឹះជាយុទ្ធសាស្ត្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាបន្ថែមទៀត រួមមាន៖ ១. ការអភិវឌ្ឍអត្តពលិក និងគ្រូបង្វឹកតាមរយៈការផ្លាស់ប្ដូរបច្ចេកទេស និងកម្មវិធីបណ្ដុះបណ្ដាល ២. វិទ្យាសាស្ត្រកីឡា វេជ្ជសាស្ត្រកីឡា អាហារូបត្ថម្ភ និងការវិភាគសមត្ថភាព ៣.ការអភិវឌ្ឍកីឡា និងអប់រំកាយនៅសាលារៀន ៤.ការគ្រប់គ្រង និងអភិបាលកិច្ចកីឡា ៥.ការចូលរួមរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យកីឡា ៦.ការលើកកម្ពស់កីឡាប្រកបដោយបរិយាបន្ន និងឱកាសសម្រាប់ជនពិការ និង ៧. នវានុវត្តន៍ឌីជីថល និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍកីឡា។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះការបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាកម្ពុជា តាមរយៈការបញ្ជូនគ្រូបង្វឹកជំនាញលើកីឡាជូដូ ការ៉ាតេដូ និងគាំទ្រដល់កម្មវិធី «Sport for Tomorrow» ដែលបានរួមចំណែកលើកកម្ពស់សមត្ថភាពកីឡាករ កីឡាការិនី និងមន្ត្រីអប់រំកាយ និងកីឡានៅកម្ពុជា៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





