ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានសម្រាប់កម្ពុជាចូលរួមវេទិកាថ្នាក់តំបន់លើកទី២ ស្ដីពីផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាននៅប្រទេសឥណ្ឌូនេស៊ី
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានសម្រាប់កម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចូលរួមវេទិកាថ្នាក់តំបន់លើកទី២ស្ដីពីផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន៖ ការបញ្ជ្រាបផែនការយុទ្ធសាស្ត្រទៅកាន់ផែនការអភិវឌ្ឍថ្នាក់តំបន់ ថ្នាក់ជាតិ និងមូលដ្ឋាន នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានទាំង១១ប្រទេស រួមនឹងផ្នែកពាក់ព័ន្ធ។

វេទិកានេះមានគោលបំណងចំនួន៤ រួមមាន៖ ១. ផ្សព្វផ្សាយសៀវភៅស្ដីពីទស្សនភាគីពាក់ព័ន្ធរបស់សហគមន៍សង្គម-វប្បធម៌អាស៊ានដល់អ្នកពាក់ព័ន្ធទាំងកម្រិតតំបន់ និងកម្រិតជាតិក្នុងការអភិវឌ្ឍផែន ការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន។ ២. ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ មេរៀនពិសោធន៍ និងឧត្តមានុវត្តន៍ក្នុងការបន្ស៊ីផែនការ គោលនយោបាយអភិវឌ្ឍជាតិ និងសកម្មភាពអភិវឌ្ឍជាតិមូលដ្ឋានទៅនឹងក្របខ័ណ្ឌយុទ្ធសាស្ត្រក្នុងតំបន់។ ៣. ពង្រឹងការសម្របសម្រួលស្ថាប័នក្នុងចំណោមភាគីពាក់ព័ន្ធ និងអាស៊ានលើការអនុវត្តផែនការយុទ្ធសាស្ត្រ និង៤.បង្កើតយុទ្ធសាស្ត្របញ្ជ្រាប និងរៀបចំទិសដៅសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន។

ថ្លែងក្នុងវេទិកានេះ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី បានចែករំលែកឧត្តមានុវត្តន៍របស់កម្ពុជាក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានកន្លងមក រួមមាន៖ ១. យន្តការគោលនយោបាយ និងបច្ចុប្បន្នភាពអភិវឌ្ឍចំណុចអាទិភាពថ្នាក់ជាតិ និងមូលដ្ឋាន តាមរយៈការអភិវឌ្ឍដោយផ្ដោតលើប្រជាជន បរិយាបន្ន ចីរភាព ភាពធន់ និងសហគមន៍ប្រកបដោយភាពយល់ដឹង និងការការពារ ដោយសង្កត់ធ្ងន់បន្ថែមលើការកៀរគរធនធាន ការសម្របខ្លួន និងជីវភាពរបស់ប្រជាជន ការពិនិត្យតាមដាន និងការប្ដេជ្ញាចិត្តរបស់ស្ថាប័នទទួលបន្ទុក ការរៀបចំឱ្យមានការវាស់វែងលទ្ធផលឆ្ពោះទៅរកការវាយតម្លៃលទ្ធផលរយៈពេលវែង និងលទ្ធផលជាក់ស្ដែងសម្រាប់ប្រជាជន និងការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។ ២.ការបញ្ជ្រាបក្របខ័ណ្ឌអាស៊ាន និងចំណុចអាទិភាពតំបន់ទៅក្នុងគោលនយោបាយ និងផែនការអភិវឌ្ឍន៍ជាតិ តាមរយៈការពង្រឹងអាទិភាពអាស៊ានដោយធ្វើសមាហរណកម្មទៅក្នុងក្របខ័ណ្ឌផែនការអភិវឌ្ឍន៍ជាតិ បញ្ជ្រាបការប្ដេជ្ញាចិត្តរបស់អាស៊ានទៅក្នុងផែនការប្រតិបត្តិ និងផែនការថវិការបស់ក្រសួងតាមវិស័យ ពង្រឹងប្រព័ន្ធពិនិត្យតាមដាន ការវាយតម្លៃ និងអភិវឌ្ឍជាប្រចាំ ពង្រឹងការសម្របសម្រួលស្ថាប័ន ពិសេសអនុវិស័យដឹកនាំ និងគាំទ្រក្នុងការអនុវត្តចំណុចអាទិភាពស្របតាមវិធានយុទ្ធសាស្ត្រ និងគោលនយោបាយជាតិ ការវិនិយោគបន្ថែមលើការពង្រឹងសមត្ថភាពស្ថាប័ន និងមូលធនប្រកបដោយចីរភាព និងពង្រីកភាពជាដៃគូលើគ្រប់វិស័យ និង៣. យន្តការអនុវត្តដែលផ្ដោតលើការធ្វើសវនកម្មផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានទៅក្នុងប្រព័ន្ធផែនការជាតិ រៀបចំកិច្ចសម្របសម្រួលជាប្រព័ន្ធ ទាញការអនុវត្ត និងការអភិវឌ្ឍឱ្យដល់សហគមន៍មូលដ្ឋាន ពង្រឹងការពិនិត្យ តាមដាន វាយតម្លៃ និងការសិក្សាផ្អែកលើលទ្ធផលជាក់ស្ដែង និងពង្រឹងភាពជាដៃគូកាន់តែរឹងមាំ និងមានធនធានសម្រាប់អនាគត៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





