ឧត្តមសេនីយ៍ទោ សោម ស៊ុន ណែនាំជូនប្រជាពលរដ្ឋរស់នៅតំបន់អភិរក្សពូជត្រី អំពីច្បាប់ជលផលនិងហាមនេសាទត្រីគ្រប់ប្រភេទ និងគ្រប់រូបភាពនៅក្នុងតំបន់អភិរក្សដាច់ខាត
AKP កំពង់ធំ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ រួមជាមួយលោក ជិន ស៊ីថា នាយខ័ណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំសហការីទៅត្រួតពិនិត្យស្ថានភាពនៅក្នុងតំបន់អភិរក្សពូជត្រីនិងជួបសំណេះសំណាលសាកសួរសុខទុក្ខ និងណែនាំជូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើតំបន់អភិរក្សពូជត្រីនៅតំបន់ព្រែកធ្លក ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អំពីច្បាប់ជលផលនិងហាមនេសាទត្រីគ្រប់ប្រភេទនិងគ្រប់រូបភាពនៅក្នុងតំបន់អភិរក្សដាច់ខាត។

លោក ជិន ស៊ីថា បានបញ្ជាក់ថា តំបន់អភិរក្សពូជត្រីនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ មានចំនួន២ កន្លែងគឺ តំបន់អភិរក្សអតីតឡូត៍លេខ២ព្រែកខ្សាច់មាន ៥ ព្រែក គឺ ព្រែកខ្សាច់ ព្រែកធ្លក ព្រែកតាប៉ា ព្រែកបា ព្រែកណាំ និងកន្លែងអភិរក្សឡូត៍លេខ២ស្ទួន។ កន្លែងអភិរក្សទាំង ២កន្លែងនេះបច្ចុប្បន្នមានប្រភេទត្រីគ្រប់មុខដែលកំពុងសំបូរឡើងវិញ ហើយជាមួយនោះ មានប្រភេទត្រីកម្រមួយចំនួនក៏បានមានវត្តមានឡើងវិញផងដែរនៅក្នុងឆ្នាំនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងរយៈពេលជិតពីរឆ្នាំកន្លងទៅនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរួមសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរដ្ឋបាលជលផលនិងស្ថាប័នជំនាញមួយចំនួនទៀត ក្នុងការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ក្នុងការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រតំបន់បឹងទន្លេសាប ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈដែលបច្ចុប្បន្នផលត្រីបានសម្បូរឡើងវិញនៅគ្រប់ទីកន្លែង ហើយបច្ចុប្បន្ននេះកងកម្លាំងចម្រុះកំពុងបន្តសកម្មភាពក្នុងការការពារតំបន់អភិរក្សពូជត្រី និងបន្តបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ព្រមទាំងយកចិត្តទុកដាក់ការពារតំបន់អភិរក្ស នៅក្នុងតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

នៅក្នុងឱកាសត្រួតពិនិត្យតំបន់អភិរក្សពូជត្រី នៅក្នុងរដូវបិទនេសាទនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក ជិន ស៊ីថា ក៏បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋចំនួន ៧ គ្រួសារ ដែលកំពុងរស់នៅដាំបន្លែបង្ការ លើតំបន់ព្រែកអភិរក្សពូជត្រីស្ថិតនៅក្នុងតំបន់ព្រែកធ្លក និងបានណែនាំជម្រាបជូនគាត់អំពីច្បាប់ស្ដីពីជលផល និងហាមការនេសាទត្រីគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងតំបន់អភិរក្សជាដាច់ខាតនិងបានសំណូមពរដល់អាជ្ញាធរដែនដី មេត្តាពិនិត្យករណីនេះ តាមច្បាប់ស្ដីពីជលផលនិងមានវិធានការដោះស្រាយសមស្រប៕

ដោយ ស៊ុម វណ្ណា





