ទូតកម្ពុជានៅកូរ៉េ និងរដ្ឋបាលខេត្ត Gyeongsangbuk-do កូរ៉េ បង្ហាញការប្តេជ្ញាពង្រឹងកិច្ចសហការលើគ្រប់វិស័យពិសេសការធ្វើទំនើបកម្មវិស័យកសិកម្ម
AKP ភ្នំពេញ ថ្ងៃទី០២ខែកក្តដា ឆ្នាំ២០២៦ -- ឯកអគ្គរាជស្ថានទូតកម្ពុជានៅកូរ៉េ និងរដ្ឋបាលខេត្ត Gyeongsangbuk-do កូរ៉េ បង្ហាញការប្តេជ្ញាពង្រឹងកិច្ចសហការលើគ្រប់វិស័យពិសេសការធ្វើទំនើបកម្មវិស័យកសិកម្ម និងបំលាស់ប្តូរប្រជាជន និងប្រជាជន ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមពិធីស្បថចូលកាន់តំណែងជាអភិបាលខេត្ត Gyeongsangbuk-do អាណត្តិទី៣៤ របស់ឯកឧត្តម Lee Cheol-woo នៅសាលាខេត្ត Gyeongsangbuk-do សាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីសមាជិកសភា មន្ត្រីរាជការ តំណាងអង្គទូត និងភ្ញៀវកិត្តិយសជាច្រើនរូប។
ក្នុងឱកាសនៃពិធី ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងការអបអរសាទរចំពោះលោកអភិបាលខេត្ត ដែល បានទទួលការគាំទ្រពីប្រជាពលរដ្ឋ និងជាប់ឆ្នោតបន្តដឹកនាំរដ្ឋបាលខេត្ត Gyeongsangbuk-do សារជាថ្មី។

ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខេត្ត និងរដ្ឋបាលខេត្ត Gyeongsangbuk-do ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍទីជនបទរបស់ប្រទេសកម្ពុជាតាមរយៈគម្រោងចលនាភូមិថ្មី (Saemaul Movement) របស់ខេត្ត Gyeongsangbuk-do និងជំនួយឥតសំណងក្នុងវិស័យវេជ្ជសាស្ត្រ ជាដើម ដែលបានធ្វើឱ្យទីជនបទមួយ ចំនួនរបស់កម្ពុជាកែប្រែមុខមាត់ថ្មី លើសពីនេះ ឯកឧត្តមក៏បានថ្លែងអំណរ គុណដល់រដ្ឋបាលខេត្តដែលតែងតែផ្តល់ការយកចិត្តទុកដាក់ចំពោះការរស់នៅរបស់បងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅក្នុងខេត្ត Gyeongsangbuk-do ផងដែរ។
ជាថ្មីម្តងទៀត ឯកឧត្តម ឯកអគ្គរាជទូតសង្ឃឹមថានឹងអាចបន្តពង្រឹងចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថានទូត និងរដ្ឋបាលខេត្ត ក្នុងកិច្ចសហការលើគ្រប់វិស័យពិសេសការធ្វើទំនើបកម្មវិស័យកសិកម្ម និងបំលាស់ប្តូរប្រជាជន និងប្រជាជន ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

ដោយ៖ ប៊ុនរិទ្ធ




