តំបន់ប្រតិបត្តិការសឹករងកំពត ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អន្តរជាតិ ផ្ទៃក្នុងប្រទេស និង ផ្សព្វផ្សាយផែនការអប់រំចិត្តសាស្រ្ត
AKP ភ្នំពេញ ថ្ងៃទី0២ ខែកក្កដា ឆ្នាំ២០២៦--លោកឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពត បានអញ្ជើញ ជាអធិបតី ផ្សព្វផ្សាយអំពីការវិវត្តន៍ថ្មីនៃសភាពការណ៍អន្តរជាតិ តំបន់ និងក្នុងប្រទេស ជូនដល់ នាយទាហាន នាយទាហាន រង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងកំពត និងផ្សព្វផ្សាយ ផែនការអប់រំចិត្តសាស្ត្រ ឆមាសទី២ ឆ្នាំ២០២៦ របស់ យោធភូមិភាគទី៣ ក៏ដូចជាផែន ការ កម្មវិធីអប់រំចិត្តសាស្ត្រ ឆមាសទី២ ឆ្នាំ ២០២៦ ទូទាំងតំបន់ ប្រតិបត្តិការសឹករងកំពត ដល់បណ្ដាអង្គភាពចំណុះ បន្តចាត់តាំងអនុវត្ត នៅថ្ងៃទី 0២ ខែកក្កដា ឆ្នាំ២០២៦។

ថ្លែងក្នុងពិធីនេះដែរលោកឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពតបាន ផ្សព្វផ្សាយ ពីការវិវត្តន៍ថ្មីៗ នៃសភាពការណ៍ អន្តរជាតិ ក្នុងតំបន់និងក្នុង ប្រទេសដែលកើតមានក្នុងពេលបច្ចុប្បន្ន ជូនដល់នាយទាហាន នាយទាហានរងនិង ពលទាហាន ព្រមទាំងគូសបញ្ជាក់ជូនអំពីកិច្ចខិតខំប្រឹងប្រែងអត់ធ្មត់គ្រប់បែបយ៉ាង របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ ដោះស្រាយបញ្ហាព្រំដែន(កម្ពុជា -ថៃ) តាមរយៈការទូត តាមយន្តការច្បាប់អន្តរជាតិដើម្បីបញ្ជៀសនូវសង្គ្រាម ដែលនាំឲ្យមានការបាត់បង់ទាំងជីវិតកងទ័ព និងប្រជាជនស៊ីវិល នឹង បង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិទាំងសងខាង ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការបាន ដាក់បទបញ្ជា ដល់បណ្ដាអង្គភាពចំណុះត្រូវយកចិត្តទុកដាក់ បន្តអនុវត្តតាម ផែនការណែនាំឲ្យមាន ប្រសិទ្ធភាពខ្ពស់ ។ ក្នុងនោះដែរ លោកមេបញ្ជាការបានថ្លែងកោតសរសើរចំពោះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែល កន្លងមកបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ មានឆន្ទៈ ស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមចំណែកក្នុងកិច្ចការពារជាតិ ការពារអធិបតេយ្យភាពទឹកដីនិងស្មោះត្រង់ជឿជាក់លើប្រមុខរាជរដ្ឋាភិបាលក្នុងការស្វែង រកសន្តិភាពតាមរយៈការទូតនិងការអភិវឌ្ឍន៍ប្រទេសរីកចំរើនលើគ្រាប់វិស័យ៕
ដោយ៖ សំ សាម៉ន, ប្រភព៖ កងទ័ពជើងគោក





