ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្រារព្ធអបអរសាទរខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ -- ស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ បានរៀបចំពិធីអបអរសាទរដើម្បីរម្លឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដែលព្រឹត្តិការណ៍នេះ បានគូសបញ្ជាក់អំពីស្មារតីយូរអង្វែងរបស់អាមេរិក លើភាពច្នៃប្រឌិត សហគ្រាស និង នយោបាយការទូត ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។

លោកស្រី Aleksandra Zittle ភារធារីនៃស្ថានទូតអាម៉េរិក និងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងឱ្យ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងព្រឹត្តិការណ៍នេះ ដែលរៀបចំឡើង នៅសាលកោះពេជ្រ រាជធានីភ្នំពេញ ដោយទទួលស្វាគមន៍ មន្ត្រីរាជរដ្ឋាភិបាល មន្ត្រីការទូត ថ្នាក់ដឹកនាំធុរកិច្ច តំណាងសង្គមស៊ីវិល និងសមាជិកស្ថានទូតជាង ១ ០០០ នាក់ ដើម្បីរួមគ្នាអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ។

លោកស្រី ភារធារី Zittle បានថ្លែងសុន្ទរកថារម្លឹកពីការកកើតដ៏យូរអង្វែងនៃសហរដ្ឋអាមេរិកថា៖ «ផ្តើម ចេញពីដែនដីអាណានិគមតូចៗចំនួន១៣ ហើយបានរីកលូតលាស់ទៅជាប្រជាជាតិមួយ ដែលមានភាព ច្នៃប្រឌិត ភាពរឹងមាំផ្នែកសេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំ ដែលបានគូសវាសពិភពលោកសម័យទំនើប ហើយភាពជោគជ័យនេះ គឺជាសក្ខីភាពមួយសម្រាប់អំណាចគង់វង្សយូរអង្វែងនៃសេរីភាព និងការដឹកនាំ បែបស្វ័យភាព»។

ជាមួយគ្នានេះ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នឹងបន្តប្រារព្ធពិធីអបអរសាទរ ក្នុងឆ្នាំដ៏ពិសេសនេះ តាមរយៈយុទ្ធនាការ «សេរីភាព ២៥០» ដែលបន្តដាក់បង្ហាញពីឧត្តមភាពអាម៉េរិក លើកពីតម្លៃប្រវត្តិសាស្ត្ររបស់ខ្លួន និង អបអរសាទរចំពោះសមិទ្ធផល ដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍របស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាបានឱ្យដឹងថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា បានផ្ដោតលើចំណុចសំខាន់ៗជាច្រើន រួមមាន៖

១. ការពារជាតិ និងសន្តិសុខចាប់តាំងពីឆ្នាំ ១៩៩៣ មក សហរដ្ឋអាមេរិកបានផ្តល់ថវិកាជាង ២២០ លានដុល្លារ ដើម្បីស្វែងរកទីតាំង បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទូទាំងប្រទេសកម្ពុជា ដែលនេះ ជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់របស់យើង ក្នុងការលើកកម្ពស់សុវត្ថិភាព និងវិបុលភាព រយៈពេលវែងរបស់ប្រជាជនកម្ពុជា។
សហរដ្ឋអាមេរិក និងកម្ពុជា កំពុងធ្វើការរួមគ្នាដើម្បីគាំទ្រដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ ទស្សនកិច្ចនាពេលថ្មីៗនេះរបស់នាវា USS Cincinnati មកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលជានាវាជើងទឹកសហរដ្ឋអាមេរិកដំបូងគេបង្អស់ រាប់ចាប់តាំងពីពេលដែលនាវានេះ ត្រូវបានកែលម្អ និងបើកដំណើរការឡើងវិញ រួមជាមួយការចាប់ផ្តើមឡើងវិញនូវលំហាត់សមយុទ្ធឆ្នាំអង្គរ(ហៅកាត់ Angkor Sentinel) និងបង្កើនទំនាក់ទំនងយោធាទ្វេភាគី ដើម្បីពង្រឹងការប្តេជ្ញាចិត្តរួមគ្នាដោយសេរី និងបើកចំហក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
២. កិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌
ចាប់តាំងពីឆ្នាំ ២០០១ មក សហរដ្ឋអាមេរិក បានជួយប្រគល់វត្ថុបុរាណចំនួន ១៧០ ដែលបានលួចនាំចេញខុសច្បាប់ ត្រឡប់មកកម្ពុជាវិញ និងបានផ្តល់ថវិកាជាង ៦ លានដុល្លារ ដើម្បីការពារបេតិកភណ្ឌវប្បធម៌របស់កម្ពុជា តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (ហៅ កាត់ AFCP)។ នៅក្នុងខែមិថុនា ឆ្នាំ ២០២៦ សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយ ក្រោមមូលនិធិ AFCP សេរីភាព ២៥០ ចំនួន ២៥០ ០០០ ដុល្លារ ដើម្បីបន្តការជួសជុលប្រាសាទភ្នំបាខែង នៅក្នុងឧទ្យានបុរាណវត្ថុអង្គរ។
កម្ពុជាគឺជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្រព្យសម្បត្តិវប្បធម៌ទ្វេភាគីជាមួយសហរដ្ឋអាមេរិក ដែលនេះ បង្ហាញពីភាពជាដៃគូដ៏ពិសេសមួយក្នុងការការពារកំណប់ទ្រព្យវប្បធម៌របស់កម្ពុជា ដោយប្រើប្រាស់ជំនាញឯកទេសពីអាម៉េរិក។
៣. ទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច
ប្រធានាធិបតី Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាជាប្រវត្តិសាស្ត្រ លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដើម្បីអនុវត្តន៍វិធានការកាត់បន្ថយភាពតានតឹង និងស្តារភាពប្រក្រតីឡើងវិញនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
សហរដ្ឋអាមេរិក មានមោទនភាព ក្នុងការជួយសម្របសម្រួលជម្លោះមួយនេះ និងនៅតែបន្តប្តេជ្ញាចិត្តក្នុងការរក្សាបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ និងកិច្ចអនុវត្តន៍កិច្ចព្រមព្រៀង គូឡាឡាំពួរ។ នៅឆ្នាំនេះ សហរដ្ឋអាមេរិក ក៏បានចាប់ផ្តើមគម្រោងតម្លៃ ១៥ លានដុល្លារ ដើម្បីស្តារសហគមន៍ដែលរងការខូចខាតដោយសារ សង្គ្រាមនៅតាមបណ្តោយព្រំដែន ផងដែរ។
សហរដ្ឋអាមេរិក នៅតែបន្តជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ដែលមានមានទំហំនាំចេញធំ ដែលនេះឆ្លុះបញ្ចាំងពីភាពរឹងមាំនៃចំណងពាណិជ្ជកម្មរបស់យើង។ កិច្ចព្រមព្រៀងទ្វេភាគី ស្តីពី ពាណិជ្ជកម្មបដិការ កាលពីខែតុលា ឆ្នាំ២០២៥ នឹងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកម្ពុជា ពង្រឹងទំនាក់ទំនងផ្នែកធុរកិច្ច និងជួយទាក់ទាញការវិនិយោគនិងនវានុត្តន៍ ដែលមានគុណភាពខ្ពស់របស់អាម៉េរិក មកកម្ពុជា។ ចំណងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា កំពុងឈានដល់កម្រិតកំពូល។ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដែលមានតម្លៃ ៣,២៤ ពាន់លានដុល្លារ រវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia នឹងនាំយកបច្ចេកវិទ្យាអវកាសអាម៉េរិកលំដាប់ពិភពលោក មកកម្ពុជា ព្រមទាំងបង្កើតការងារដែលមានស្តង់ដារខ្ពស់ ជាង ១២ ០០០ កន្លែង ពីសហរដ្ឋអាមេរិក។ បន្ទាប់ពីការចរចាអស់រយៈពេល ១២ ឆ្នាំ ប្រទេសទាំងពីរ ក៏បានឈានដល់កិច្ចព្រមព្រៀងបើកចំហផ្លូវអាកាស រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដើម្បីជំរុញវិស័យពាណិជ្ជកម្មអាកាសចរណ៍ ទេសចរណ៍ និងជំនួញ។
ដើម្បីបំពេញបន្ថែមនូវសមិទ្ធផលសំខាន់ៗទាំងនេះ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (DFC) បានប្រកាសពីគម្រោងវិនិយោគចំនួន ១០០ លានដុល្លារ សម្រាប់ព្រលានយន្ត អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងគោលបំណងពង្រឹងការតភ្ជាប់ក្នុងតំបន់ ដែលជាសញ្ញានៃ យុគសម័យថ្មីមួយ នៃភាពជាដៃគូរបស់អាម៉េរិកនៅក្នុងវិស័យអាកាសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ របស់កម្ពុជា។
៤. កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលផ្អែកលើកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាងបីទសវត្សរ៍ សហរដ្ឋអាមេរិក និងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាទ្វេភាគីជាប្រវត្តិសាស្ត្រ លើវិស័យសុខាភិបាល ដែលជាអនុស្សរណៈដំបូងគេបង្អស់ នៅក្នុងតំបន់អាស៊ី។ កិច្ចព្រមព្រៀងនេះ ដើរតួជាគំរូមួយ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល និងសង្គ្រោះជីវិតមនុស្ស។
៥. វិស័យកិច្ចការទូតសាធារណៈ និងការផ្លាស់ប្តូរការសិក្សាសហរដ្ឋអាមេរិក បានរៀបចំឡើងនូវកម្មវិធីផ្លាស់ប្តូរការសិក្សា និងវប្បធម៌រាប់ពាន់នាក់ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា និងអាម៉េរិក អាចភ្ជាប់ទំនាក់ទំនង និងរៀនសូត្រពីគ្នាទៅវិញទៅមក។ អតីតនិស្សិតដែលបានចូលរួមកម្មវិធីផ្លាស់ប្តូរទាំងនោះ បានក្លាយជាអ្នកដឹកនាំក្នុងវិស័យអាជីវកម្ម សិក្សាធិការ និងក្នុងជួររដ្ឋាភិបាល រួមមានទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអតីតនិស្សិតបញ្ចប់ការសិក្សាពីសាលាបណ្ឌិត្យសភាយោធា West Point។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ជាកិច្ចសហការស្នូល សម្រាប់ការប្រារព្ធខួបលើកទី ៧៥ ក្នុងឆ្នាំ ២០២៥ ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានបើកមជ្ឈមណ្ឌល AmCam Exchange នៅផ្សារទំនើប Exchange Square ដែលជាទីតាំងទាន់សម័យ និងរស់រវើក ក្នុងការផ្សាភ្ជាប់ប្រជាជនកម្ពុជានឹងធនធានគាំទ្រពីអាម៉េរិក ដើម្បីជួយជំរុញភាពជោគជ័យក្នុងការសិក្សា និងវិជ្ជាជីវៈ។
៦. អង្គការសន្តិភាពភ្នាក់ងារ ភីសឌ័រ (Peace Corps) កំពុងខិតជិតដល់ខួបលើកទី ២០ នៃការបំពេញការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីកម្មវិធីនេះ ត្រូវបានចាប់ផ្តើមឡើងក្នុងឆ្នាំ ២០០៧ ជនជាតិអាម៉េរិកជាង ៨០០ នាក់ បានបម្រើការជាអ្នកស្ម័គ្រចិត្តរបស់ភ្នាក់ងារភីសឌ័រ នៅកម្ពុជា ដែលក្នុងនោះ រួមមានអ្នកស្ម័គ្រចិត្ត ចំនួន ៥២ នាក់ នៅក្នុងឆ្នាំ២០២៥ ដែលបានចូលរួមបង្រៀនភាសាអង់គ្លេសដល់សិស្សានុសិស្សជាង ២៥ ០០០ នាក់ នៅបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និង វិទ្យាស្ថានបណ្តុះបណ្តាលគ្រូបង្រៀននៅទូទាំងប្រទេស៕
ដោយ៖ រិទ្ធី, ប្រភព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា





