រយៈពេល៦ខែឆ្នាំ២០២៦ ក្រសួងបរិស្ថានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីរោងចក្រ សហគ្រាសជាង១២លានម៉ែត្រគូបមិនឱ្យហូរចូលប្រភពទឹកធម្មជាតិ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦--ក្រសួងបរិស្ថាន បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសបានចំនួនជាង ១២ ៨៩០ ៤៤៥ ម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ ក្នុងឆមាសទី១ ពោលគឺចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៦។

ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៦ថា នៅពេលបច្ចុប្បន្ន ក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានតាមដានទិន្នន័យនៃការបញ្ចេញសំណល់រាវ ជាប្រចាំ តាមរោងចក្រ និងសហគ្រាសចំនួន ៦៤ ទីតាំង ដែលបានចូលរួមអនុវត្តច្បាប់ និងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក ដែលអាចបញ្ជូនទិន្នន័យផ្ទាល់មកកាន់ក្រសួងបរិស្ថាន។

ក្រសួងបរិស្ថានបានឱ្យដឹងដែរថាវិធានការទប់ស្កាត់នេះ សម្រេចបានតាមរយៈការអនុវត្តច្បាប់ទប់ស្កាត់ការបំពុលបរិស្ថាន និងធានាសុខភាព របស់ប្រជាពលរដ្ឋរស់នៅល្អប្រសើរ។ សមិទ្ធផលនេះសម្រេចបាន ដោយអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលសរសរស្តម្ភទី១ គឺផ្តោតលើភាពស្អាត ក្នុងនេះរួមានទាំងមានភាពស្អាតក្នុងទឹក លើដី និងលើមេឃ។

គួររំលឹកថាគិតចាប់ពីឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា សរុបប្រមាណជា៣៣ លានម៉ែត្រគូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈឡើយ៕

ដោយ៖ មករា





