កិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោង CAISAR ក្នុងខេត្តកំពង់ស្ពឺ
AKPភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារប្រព័ន្ធធារាសាស្ត្រក្រពើទ្រោម ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៃគម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាព និងភាពធន់ (CAISAR) ដែលគាំទ្រដោយហិរញ្ញប្បទានពីធនាគារ AIIB មូលនិធិ IFAD និងមូលនិធិ GCF។

កិច្ចប្រជុំនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ស្ពឺមានសមាសភាពចូលរួមមានលោកប៊ុត សង្វារ អគ្គនាយ ករង នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ (GDR) លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រម ទាំងតំណាងមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ស្រុក ឃុំ ភូមិ ដែលពាក់ព័ន្ធនឹងគម្រោងជាច្រើនរូប។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំ ណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ GDR នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងសហការយ៉ាងជិតស្និទ្ធ។

ការចូលរួមរបស់គ្រប់ភាគីទាំងអស់ គឺជាកត្តាចម្បងក្នុងការជំរុញឱ្យការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងនេះ ប្រព្រឹត្តទៅដោយរលូន ឆាប់រហ័ស និងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន់៕
ដោយ៖ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹកនិងឧតុនិយម)





