អាជ្ញាធរខណ្ឌដង្កោ កំពុងពន្លឿនស្ដារប្រឡាយ លូមេ រំដោះទឹកជំនន់ឱ្យបានមុនរដូវវស្សានេះ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០២៦--អាជ្ញាធរខណ្ឌដង្កោ កំពុងពន្លឿនស្តារប្រឡាយមេចំនួន ៣ខ្សែនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមនាំទឹកចេញពីភូមិដ្ឋានប្រជាពលរដ្ឋ នៅក្នុងរដូវវស្សាឆ្នាំនេះដោយសារ រាល់ឆ្នាំកន្លងមក ឱ្យតែដល់រដូវវស្សាតែងតែលិចលង់ផ្ទះ សម្បែង ពលរដ្ឋ ដោយសារទឹកភ្លៀង ។
ការងារនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងការណែនាំ ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងរដូវវស្សា។

លោក សំ ញ៉ូវ ប្រធានការិយាល័យសាធារណការណ៍និងដឹកជញ្ជូនខណ្ឌដង្កោ បានឱ្យដឹង នៅថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០២៦នេះថា៖ ក្រោមការណែនាំពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនា សម្ព័ន្ធនានាក្នុងរដូវវស្សា រដ្ឋបាលខណ្ឌដង្កោបាននិងកំពុងស្តារប្រឡាយ ចំនួន៣ខ្សែនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ក្នុងនោះរួមមាន៖ -ប្រឡាយម័រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោមានប្រវែង៣៣០០ម៉ែត្រ ដោយបានប្រើប្រាស់គ្រឿងចក្រ ២គ្រឿងកាយភក់និងសំរាមចេញពីប្រឡាយ កាលពីថ្ងៃទី២៥ មិថុនាឆ្នាំ២០២៦។ គិតមកដល់ថ្ងៃទី០២ កក្កដានេះក្រុមការងារសម្រេចការងារបានប្រវែង៥៥០ម៉ែត្រនិងគ្រោងបញ្ចប់នៅ២សប្តាហ៍ទៀត។ -ប្រឡាយជប៉ុន(MCC) សង្កាត់រលួសប្រវែង២៣៥០ម៉ែត្រ បានស្តាររួចរាល់។ -ប្រឡាយនៅព្រំប្រទល់សង្កាត់ព្រែកកំពឺសនិងឃុំជើងកើប ស្រុកកណ្តាលស្ទឹង៣៤៧០ម៉ែត្រ ស្តារបានប្រវែងជាង១០០០ម៉ែត្រ។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានមានប្រ សាសន៍ឱ្យដឹងដែរថា៖ ការស្តារប្រឡាយម័រ ក្នុងសង្កាត់ដង្កោ គឺពិតជាជួបការលំបាក ដោយសារ ប្រឡាយនេះមានស្ពានឆ្លងកាត់ច្រើន ពិបាកដាក់គ្រឿងច្រកចូល។ប៉ុន្តែដោយការយកចិត្តទុកដាក់ និងណែនាំផ្ទាល់ ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោបាននិងកំពុងស្តារប្រឡាយ ដើម្បីត្រៀមនាំទឹកចេញពីភូមិដ្ឋានប្រជាពលរដ្ឋក្នុងរដូវវស្សានេះ។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកស្រីគឹម ញឹបបានថ្លែងនូវការអរគុណចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានណែនាំឱ្យក្រុមការងារស្តារប្រឡាយទាំង៣ខ្សែនេះ និងសូមអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋនៅជាប់ប្រឡាយ ចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់ និងសោ ភណ្ឌភាពរាជធានីភ្នំពេញយើង។ ពាក់ព័ន្ធនិងការងារនេះ បងប្អូនប្រជាពលររដ្ឋដែលរស់នៅជាប់ប្រឡាយ បានសម្តែងនូវការអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញា ធរខណ្ឌដង្កោដែលបានស្តារប្រឡាយរំដោះទឹកទាំងនេះ។ពួកគាត់ថា ការស្តារប្រឡាយខាងលើនេះធ្វើឱ្យទឹកហូរបានលឿន កាត់បន្ថយបាននូវការលិចលង់ ហើយអ្វីដែលសំខាន់មួយទៀតនោះ គឺធ្វើឱ្យបាត់បង់ជម្រកមូសតែម្តង៕

ដោយ៖ សួស សំរិត





