ប្រជាពលរដ្ឋងាយរងគ្រោះនៅក្រុងកំពង់សោម បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី0២ ខែកក្កដា ឆ្នាំ២០២៦--លោកស្រី ម៉ាក់ សំណាង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មន្រ្តីសាខា អនុសាខាក្រុងកំពង់សោម និងអ្នកស្ម័គ្រចិត្ត កាលពីថ្ងៃពុធទី១ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះនៅសង្កាត់បឹងតាព្រហ្ម ២គ្រួសារ និងសង្កាត់អូរឧកញ៉ាហេង ២គ្រួសារ ស្ថិតក្នុងក្រុងកំពង់សោម ខេត្តព្រះសីហនុ។

លោកស្រី ម៉ាក់ សំណាង បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីសេចនឹករលឹកពី ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសួរសុខទុក្ខជូនដល់បងប្អូនប្រជាពល រដ្ឋរងគ្រោះដោយក្តីនឹករលឹក សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ឬនិន្នាការនយោ បាយអ្វីឡើយ ដោយធ្វើយ៉ាងណាយើងជួយបងប្អូនប្រជាពលរដ្ឋរបស់យើងឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារខ្វះខាតស្បៀងអាហារនោះទេ ព្រោះទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជានៅជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច។

ក្នុងឱកាសនោះ លោកស្រីអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ត្រូវយកចិត្តទុកដាក់អំពីសុខភាពក្រុមគ្រួសារ ដើម្បីបញ្ចៀសនូវជំងឺផ្សេងៗដូចជា គ្រុនឈាម គ្រិនឈីក ព្រោះរដូវកាលនេះជារដូវភ្លៀងងាយនឹងកើតមាន។

សូមបញ្ជាក់ថា សម្ភារដែលផ្ដល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទាំង៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ប៊ីចេង ២កញ្ចប់ មី ១កេស ទឹកត្រី ១យួរ ទឹកសុទ្ធ ១យួរ កន្ទេល១ ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ១០ម៉ឺនរៀល។ ក្នុងនោះមានមួយគ្រួសារទទួបានតង់ ១បន្ថែម ដោយដំបូលផ្ទះគាត់មានសភាពធ្លុះធ្លាយ៕
ដោយ ងូ សុមុនី





