កុមារក្រីក្រ ២០០នាក់ នៅភូមិរង់ចាំស្រុកស្វាយចេក ទទួលបានកង់ដើម្បីជួយសម្រួលដល់ការសិក្សា
AKPបន្ទាយមានជ័យ ថ្ងៃទី០២ខែកក្កដាឆ្នាំ២០២៦-- ក្តីស្រមៃចង់បានមធ្យោបាយធ្វើដំណើរទៅរៀនសូត្ររបស់កុមារាកុមារីក្រីក្ររស់នៅក្នុងតំបន់ដាច់ស្រយាលក្បែរព្រំដែនថៃចំនួន ២០០នាក់ដែលជាកូនចៅពលរដ្ឋភៀសសឹក ត្រូវបានបំពេញ ក្រោមទឹកចិត្តសប្បុរសធម៌គ្មានព្រំដែន តាមរយៈកម្មវិធី «កង់នៃសន្តិភាព សិស្សម្នាក់ កង់មួយ អនាគតដ៏ភ្លឺស្វាងមួយ»។
ពិធីប្រគល់កង់ដែលជាអំណោយមនុស្ស ធម៌នេះ បានប្រព្រឹត្តទៅយ៉ាងធំដុំ និងពោរពេញដោយស្នាមញញឹម នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ នេះ ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

កម្មវិធីដ៏មានអត្ថន័យនេះ ត្រូវបានផ្តល់កិត្តិយសខ្ពង់ខ្ពស់ដោយមានការអញ្ជើញចូលរួមពី លោក ឃ្លោក នួយ អភិបាល រងខេត្តបន្ទាយមានជ័យតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត រួមជាមួយការនិមន្តចូលរួមពីព្រះចៅអធិការវត្តក្នុងស្រុកមង្គលបូរី លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាយកសាលាទាំង៥ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សជាច្រើនរូបទៀត។

កង់ចំនួន ២០០គ្រឿង ដែលបានចែកជូនដល់សិស្សានុសិស្សមកពីសាលាចំនួន៥ នាពេលនេះ គឺកើតចេញពីការរួមគ្នានៃបេះដូងសប្បុរសធម៌របស់សប្បុរសជនមកពីសហរដ្ឋអាមេរិក ប្រទេសកាណាដា និងបងប្អូនសប្បុរសជននៅក្នុងរាជធានីភ្នំពេញ។ នេះសបញ្ជាក់ឱ្យឃើញថា ទោះបីជាស្ថិតក្នុងចម្ងាយភូមិសាស្ត្រខុសគ្នាយ៉ាងណា ក៏ដោយ ក៏ក្តីស្រឡាញ់ និងការចង់ឃើញកុមារកម្ពុជាមានអនាគតរុងរឿង មិនត្រូវបានខណ្ឌចែកឡើយ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ប្រពៃរបស់សប្បុរសជនទាំងអស់។
លោកបានសង្កត់ធ្ងន់ថា កង់មួយគ្រឿងសម្រាប់កុមារនៅតំបន់ដាច់ស្រយាល មិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរនោះទេ ប៉ុន្តែវាជា កាតាលីករដ៏សំខាន់ក្នុងការជួយសម្រាលបន្ទុកគ្រួសារ កាត់បន្ថយការបោះបង់ការសិក្សា និងជាស្ពានចម្លងពួកគេទៅកាន់ការក្រេបជញ្ជក់ចំណេះដឹងដើម្បីកសាងអនាគតដ៏ភ្លឺស្វាង។
ទន្ទឹមនឹងការអបអរសាទរ លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើទៅកាន់សិស្សានុសិស្សដែលទទួលខុសត្រូវលើកង់ទាំងនេះ ត្រូវខិតខំសិក្សារៀនសូត្រឱ្យក្លាយជាកូនល្អ សិស្សល្អ និងជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ជាតិ។
លោកបានដាស់តឿនឱ្យអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ជួយថែរក្សាកង់ទាំងនេះឱ្យបានល្អ ដើម្បីអាចប្រើប្រាស់បានយូរអង្វែង ព្រោះកង់នីមួយៗតំណាងឱ្យទឹកចិត្ត និងការលះបង់របស់សប្បុរសជន។

ការទទួលបានកង់នាពេលនេះ បានធ្វើឱ្យលោកគ្រូ អ្នកគ្រូ ក៏ដូចជាអាណា ព្យាបាលសិស្ស បង្ហាញក្តីរំភើបរីករាយជាពន់ពេក ព្រោះវាបានដោះស្រាយបញ្ហាប្រឈមចម្បងរបស់កុមារក្នុងការធ្វើដំណើរមកសាលារៀន ដែលធ្លាប់តែចំណាយពេលដើររាប់គីឡូម៉ែត្រ មកជាការជិះកង់ដោយភាពងាយស្រួល និងសុវត្ថិភាពជាងមុន ក្រោមម្លប់នៃសុខសន្តិភាព៕
ដោយ ៖ឈុនសារ៉ាត





