បង់ក្លាដែសអនុម័តថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៦-២៧
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ -- កាលពីថ្ងៃអង្គារ សភាបង់ក្លាដែសបានអនុម័តថវិកាជាតិចំនួន ៩,៣៨ ទ្រីលានតាកា (ជិត ៧៧ប៊ីលានដុល្លារអាម៉េរិក) សម្រាប់ឆ្នាំសារពើពន្ធ ២០២៦-២៧ (ខែកក្កដា ឆ្នាំ២០២៦-ខែមិថុនា ឆ្នាំ២០២៧) ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងផែនការរបស់ប្រទេសនេះ លោក អាមៀ ខាស្រ៊ូ ម៉ាហ៍មូដ ចូវឌូរី (Amir Khasru Mahmud Chowdhury) បានដាក់ថវិកាប្រចាំឆ្នាំដំបូងរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី តារីក រ៉ាហ៍មេន (Tarique Rahman) នៅចំពោះមុខសភា។
សភាបានអនុម័តថវិកាដោយការបោះឆ្នោតជាសំឡេងនៅថ្ងៃធ្វើការចុងក្រោយនៃឆ្នាំសារពើពន្ធ ២០២៥-២៦ បច្ចុប្បន្ន ជាមួយនឹងការកែតម្រូវមួយចំនួន។ ស្របតាមថវិកា រដ្ឋាភិបាលបង់ក្លាដែសមានគោលបំណងកាត់បន្ថយអតិផរណាមកត្រឹម ៧,៥% និងបង្កើនកំណើន GDP ដល់ ៦,៥% នៅក្នុងឆ្នាំសារពើពន្ធខាងមុខ។
យោងតាមរដ្ឋមន្ត្រី ទំហំសរុបនៃថវិកាចំណាយគឺ ១៣,៧% នៃ GDP របស់ប្រទេសនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





