វៀតណាមកាត់បន្ថយថ្លៃរថភ្លើង១០% ខណៈតម្លៃប្រេងឥន្ធនៈធ្លាក់ចុះ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍កាលពីថ្ងៃពុធថា ប្រតិបត្តិករផ្លូវដែកវៀតណាមនឹងកាត់បន្ថយថ្លៃសំបុត្ររថភ្លើងដឹកអ្នកដំណើរពីជើងទៅត្បូងចំនួន ១០%ចាប់ពីថ្ងៃពុធដល់ថ្ងៃទី១៦ ខែសីហា ដោយបន្ថែមការសន្សំពីការធ្លាក់ចុះនៃតម្លៃប្រេងឥន្ធនៈក្នុងស្រុក។
របាយការណ៍នេះបាននិយាយថា ការកែសម្រួលថ្លៃសំបុត្រនេះត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយថ្លៃធ្វើដំណើរសម្រាប់អ្នកដំណើរ និងលើកទឹកចិត្តពួកគេឱ្យជ្រើសរើសរថភ្លើងសម្រាប់ការធ្វើដំណើររបស់ពួកគេ។
ការបញ្ចុះតម្លៃ ១០% នេះអនុវត្តចំពោះរថភ្លើងល្បឿនលឿនពីជើងទៅត្បូងទាំងអស់ ដោយកាត់បន្ថយតម្លៃសំបុត្រចន្លោះពី ១១០.០០០ ដុងវៀតណាម (ប្រហែល ៤,៣៦ដុល្លារអាម៉េរិក) និង ២៨០.០០០ ដុងវៀតណាម (ប្រហែល ១១.១១ ដុល្លារអាម៉េរិក) អាស្រ័យលើថ្នាក់កៅអី។
សេវាកម្មរវាងស្ថានីយ៍ Sai Gon នៅភាគខាងត្បូងនៃទីក្រុងហូជីមិញនិងស្ថានីយ៍ Nha Trang នៅខេត្តខាញ់ហៅ ភាគកណ្តាល ក៏ដូចជាបន្ទប់គេងដែលបានជ្រើសរើសនៅលើរថភ្លើងដែលតភ្ជាប់ទៅកាន់ស្ថានីយ៍Hanoi នៅរដ្ឋធានីហាណូយ និងស្ថានីយ៍ Vinh នៅខេត្តងេអាន ភាគកណ្តាល ក៏ត្រូវបានរួមបញ្ចូលនៅក្នុងគម្រោងនេះផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





