ការបោះឆ្នោតប្រធានាធិបតីបារាំងនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា និងថ្ងៃទី២ ខែឧសភា ឆ្នាំក្រោយ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ -- យោងតាមការចុះផ្សាយរបស់កាសែតប្រចាំថ្ងៃបារាំង Le Figaro កាលពីថ្ងៃអង្គារ បានឱ្យដឹងថា ការបោះឆ្នោតប្រធានាធិបតីបារាំងនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា និងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៧ សម្រាប់ការបោះឆ្នោតជុំទីមួយ និងជុំទីពីរ។
របាយការណ៍នេះបាននិយាយថា ការបោះឆ្នោតជុំទីមួយនៃការបោះឆ្នោតប្រធានាធិបតីនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំក្រោយបន្ទាប់មកការបោះឆ្នោតជុំទីពីរនៅថ្ងៃទី២ ខែឧសភា ដោយរបាយការណ៍បានបន្ថែមថា កាលបរិច្ឆេទនឹងត្រូវប្រកាសជាផ្លូវការនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីនៅថ្ងៃពុធ។
យោងតាមរដ្ឋធម្មនុញ្ញបារាំង ការបោះឆ្នោតប្រធានាធិបតីត្រូវតែធ្វើឡើងចន្លោះពី ២០ថ្ងៃ ទៅ ៣៥ថ្ងៃមុនពេលផុតកំណត់នៃអាណត្តិប្រធានាធិបតីបច្ចុប្បន្ន។ អាណត្តិប្រាំឆ្នាំលើកទីពីររបស់លោក អេម៉ានូអែល ម៉ាក្រុន (Emmanuel Macron) ជាប្រធានាធិបតីបារាំងបានចាប់ផ្តើមនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ហើយនឹងផុតកំណត់នៅថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៧៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





