រដ្ឋសភាកូរ៉េខាងត្បូងបានអនុម័តតែងតាំង លោកស្រី ហាន់ ស៊ុងសូក ជានាយករដ្ឋមន្ត្រីថ្មី
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ -- កាលពីថ្ងៃអង្គារ រដ្ឋសភាកូរ៉េខាងត្បូងបានអនុម័តការតែងតាំង លោកស្រី ហាន់ ស៊ុនសូក (Han Seong-sook) ដែលជាបេក្ខជននាយករដ្ឋមន្ត្រី។
សំណើតែងតាំងនេះត្រូវបានអនុម័តដោយសំឡេងគាំទ្រចំនួន១៦៦សំឡេង និងសំឡេងឆ្នោតមួយសន្លឹកមិនត្រឹមត្រូវ។
សមាជិកសភានៃគណបក្សប្រឆាំងអភិរក្សនិយមដ៏សំខាន់គឺគណបក្សអំណាចប្រជាជនបានធ្វើពហិការការបោះឆ្នោត ខណៈដែលសមាជិកសភានៃគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច និងគណបក្សគាំទ្ររដ្ឋាភិបាលផ្សេងទៀតបានបោះឆ្នោតអនុម័តរបាយការណ៍បញ្ជាក់នេះ។
លោកស្រី ហាន់ ត្រូវបានតែងតាំងសម្រាប់តំណែងនេះដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) កាលពីថ្ងៃទី៧ ខែមិថុនា។
លោកស្រី ហាន់ កើតនៅឆ្នាំ១៩៦៧ នៅខេត្តយ៉ុងជី បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យស្ត្រី Sookmyung ជាមួយនឹងសញ្ញាបត្រភាសាអង់គ្លេស និងអក្សរសាស្ត្រ។ ពីមុនលោកស្រីធ្លាប់បម្រើការជានាយកប្រតិបត្តិនៃក្រុមហ៊ុនអ៊ីនធឺណិតយក្សកូរ៉េខាងត្បូង NAVER ហើយត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មនៅឆ្នាំ ២០២៥។
ប្រសិនបើត្រូវបានតែងតាំងជាផ្លូវការ លោកស្រី ហាន់ នឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទី២របស់កូរ៉េខាងត្បូងបន្ទាប់ពីលោកស្រី ហាន់ ម្យុងសូក (Han Myeong-sook) ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





