រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹង ស្តីពីការបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦
AKP បាត់ដំបង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦--រដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦» (Battambang Fruits Event 2026) រយៈពេល១០ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។

សេចក្តីជូនដំណឹងបានឱ្យដឹងថា ក្នុង «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦» នេះ រដ្ឋបាលខេត្តក៏បានរៀបចំឱ្យមានកម្មវិធីប៊ូហ្វេទុរេនរយៈពេល០៣ថ្ងៃ គឺថ្ងៃទី១០-១១-១២ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានឱកាសទទួលទានទុរេនដ៏មានឱជារសផ្អែមឆ្ងាញ់ ជាទុរេនមានប្រភពច្បាស់លាស់មកពីចំការរបស់អ្នកបាត់ដំបងផ្ទាល់១០០ភាគរយ ព្រមទាំងផ្លែឈើជាច្រើនមុខទៀតផងដែរ។

ជាមួយគ្នានេះ បងប្អូនអាចពិសាទុរេន និងផ្លែឈើបាត់ដំបងជាច្រើនប្រភេទដោយឥតកំណត់ ដែលមានរយៈពេល ៨០នាទី ចាប់ពីម៉ោង ៥:០០នាទីល្ងាចតទៅនៅក្នុងរោងម៉ាស៊ីនត្រជាក់ប្រកបដោយផាសុកភាពព្រមទាំងមានភ្លេងខ្មែរប្រគំកំដរផងដែរ។ តម្លៃចូលរួម៖ -កុមារកម្ពស់ក្រោម ១,២ម៉ែត្រ តម្លៃ ៣០ ០០០រៀល និងមនុស្សធំ តម្លៃ ៥០ ០០០រៀល។
សូមបញ្ជាក់ថា ក្នុងកម្មវិធីប៊ូហ្វេទុរេននេះ បងប្អូនអាចពិសាទឹកបរិសុទ្ធដោយឥតគិតថ្លៃ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





