សម្ដេចតេជោ ហ៊ុន សែន សង្កេតឃើញថា ភូមិសាស្ត្របាល់ទាត់កំពុងប្រែប្រួលយ៉ាងខ្លាំងតាមរយៈវត្តមានក្រុមកីឡាមកពីប្រទេសដែលមានប្រជាជនតិច និងជាប្រទេសកំពុងអភិវឌ្ឍន៍
AKP ភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ឆ្លងកាត់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ សម្ដេចសង្កេតឃើញថា ភូមិសាស្ត្របាល់ទាត់កំពុងប្រែប្រួលយ៉ាងខ្លាំង តាមរយៈវត្តមានក្រុមកីឡាមកពីប្រទេសដែលមានប្រជាជនតិចនិងជាប្រទេសកំពុងអភិវឌ្ឍន៍។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចតេជោបានសរសេរថា ថ្ងៃមុនខ្ញុំបាននិយាយពី(បាល់មូល) ក្រោយការប្រកួតកន្លងមក និងយប់កន្លងទៅនេះ យើងគួរតែចាប់ផ្តើមនិយាយពី (ភូមិសាស្ត្របាល់ទាត់) ដែលវាខុសពីភូមិសាស្ត្រនយោបាយទាំងស្រុង។ សម្ដេចតេជោបញ្ជាក់ថា៖ «ពេលមុន ខ្ញុំតែងនិយាយថាលើពិភពលោកស្តង់ដារអន្តរជាតិមានតែក្នុងវិស័យកីឡាមួយប៉ុណ្ណោះ»។ សម្ដេចតេជោបានលើកឡើងថា ឆ្លងកាត់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ ខ្ញុំសង្កេតឃើញថាភូមិសាស្ត្របាល់ទាត់កំពុងប្រែប្រួលយ៉ាងខ្លាំង តាមរយៈវត្តមានក្រុមកីឡាមកពីប្រទេសដែលមានប្រជាជនតិចនិងជាប្រទេសកំពុងអភិវឌ្ឍន៍។ សម្ដេចតេជោបានគូសបញ្ជាក់ថា៖ «វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និងចំនួនប្រជាជនតិចបានបង្ហាញថា បាល់ទាត់មិនរើសអើងប្រទេសមាន ឬក្រ ប្រទេសមានប្រជាជនច្រើន ឬតិចនោះទេ ដែលនេះវាជា (ភូមិសាស្ត្របាល់ទាត់) ដែលនេះ វាខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយ ដែលពិភពលោកកំពុងជ្រួលច្របល់បាត់សណ្តាប់ធ្នាប់»។
ជាមួយគ្នានេះ សម្ដេចតេជោគូសបញ្ជាក់ទៀតថា ក្រុមបាល់ទាត់មកពីប្រទេសក្រីក្របានជួយជូនដំណើរក្រុមកីឡាពីប្រទេសអ្នកមានត្រឡប់ទៅប្រទេសវិញ តាំងពីប្រកួតសន្សំពិន្ទុ រហូតដល់ការប្រកួត៣២ក្រុម និងប្រសិនមិនអាចយកឈ្នះក៏ធ្វើឱ្យប្រទេសអ្នកមាន មានការព្រួយបារម្ភពេលក្រុមបាល់ទាត់មកពីប្រទេសក្រីក្រទាត់បញ្ចូលទី ឡើងប៉ោងសំណាញ់។ សម្ដេចតេជោបានបន្ថែមថា យោងតាមការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់បែបនេះ ពេលណាមួយប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា៖ «ខ្ញុំមិនដឹងថានៅលើពិភពលោកនេះ មានអ្នកធ្លាប់ប្រើពាក្យ (ភូមិសាស្ត្របាល់ទាត់)ហើយឬនៅទេ ប៉ុន្តែសម្រាប់ខ្ញុំឱកាស ត្បូង ត្បូង បាន និងកំពុងមកដល់ហើយ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់»៕
ដោយ៖ ជឹម ណារី





