សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំ មិនអាចរៀនបានតែក្នុងសាលាទេ ត្រូវអប់រំទាំងក្នុងសាលា ទាំងក្នុងផ្ទះ បូកជាមួយនិងក្នុងសហគមន៍
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការអប់រំ មិនអាចជោគជ័យទៅបាន ដោយគ្រាន់តែអប់រំក្នុងសាលារៀននោះទេ តែទាមទារឱ្យមានការចូលរួម ផ្តល់ឱកាស និងលើកទឹកចិត្ត ក៏ដូចជាអប់រំ ពីក្នុងផ្ទះ រួមទាំងសហគមន៍ជុំវិញខ្លួនផងដែរ ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ ក្នុងពិធីអបអរខួប៣០ឆ្នាំ របស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតជ័យលាភី ចំនួន៥០០ នាក់ (ស្រី៣១៩ នាក់) ក្នុងកម្រិតរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3) នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ សម្តេចធិបតី បានគូសបញ្ចាក់ថា គ្រួសារសំខាន់ណាស់ បើគ្មានការផ្តល់ឱកាសរបស់ឪពុកម្តាយ ឱ្យកូនមករៀន នោះនឹងមានការលំបាក ខណៈសម្តេចក៏ដឹងដែរថា ឪពុកម្តាយ ដែលមានជីវភាពប្រឈម គឺមានតែការលះបង់ ដើម្បីផ្តល់ឱកាសឱ្យកូន និងផ្តល់ការលើកទឹកចិត្ត ឱ្យកូនៗបានរៀន និងផ្តោតអារម្មណ៍ដល់ការរៀនសូត្រ គឺមិនអាចធ្វើអ្វីផ្តាច់ពីឪពុកម្តាយ ឬអាណាព្យាបាលនោះទេ។

សម្តេចធិបតី ថែមទាំងបានគូសបញ្ជាក់ថា មិនថានៅក្នុងសហគមន៍ ដែលមានជីវភាពធូរធារ ជីវភាពមធ្យម ឬមួយជីវភាពក្រីក្រ គឺគ្រួសារដើរតួនាទីសំខាន់ ព្រោះថាគ្រួសារ គឺជាអ្នកបង្កលក្ខណៈ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ដោយសម្តេចសូមអំពាវនាវដល់ឪពុកម្តាយ ជាអាណាព្យាបាល បន្តផ្តល់ឱកាស គាំទ្រទៅដល់កូនៗរបស់ខ្លួន ដោយធ្វើការអប់រំនៅក្នុងផ្ទះបន្ថែមទៀត ក្រៅពីបញ្ជូនឱ្យទទួលបានការសិក្សានៅសាលារៀន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ការអប់រំ មិនអាចរៀនបានតែក្នុងសាលាទេ ត្រូវអប់រំទាំងក្នុងសាលា ទាំងនៅផ្ទះ បូកជាមួយនឹងនៅក្នុងសហគមន៍ ប៉ុន្តែផ្ទះនិងសាលាគឺជាកត្តាសំខាន់ បើមករៀននៅសាលា ទៅដល់ផ្ទះឪពុកម្តាយ មិនលើកទឹកចិត្ត មិនផ្តល់តម្លៃក្មួយៗ ប្អូនៗគាត់ពិបាកមករៀន រៀនក៏អាចបោះបង់ចោល ព្រោះបើមករៀនហើយ ចេញទៅវិញ អារម្មណ៍ភ័យ ទៅដល់ផ្ទះឪពុកម្តាយមិនឱ្យមករៀន មិនបង្កលក្ខណៈ»។

បន្ថែមលើនេះ សម្តេចធិបតី បានឱ្យឪពុកម្តាយ ឬអាណាព្យាបាលទាំងអស់ យល់ថា ការបញ្ជូនកូនៗរបស់ខ្លួន ទៅសិក្សាប្រៀបបានជាការវិនិយោគ ដោយសុខចិត្តលំបាកបន្តិចឱ្យកូនមករៀន ដូចជាឱ្យកូនមកវិនិយោគ នៅក្នុងការបង្កើនធនធាននៅក្នុងគ្រួសារ បានន័យថា កូនម្នាក់មករៀន កសាងសមត្ថភាព និងមានលំនឹងក្នុងជីវិត នឹងអាចជួយខ្លួនឯង ព្រមទាំងថ្ងៃក្រោយឪពុកម្តាយលែងលំបាក ហើយតាមរយៈការជួយមកគ្រួសារថែមទៀត នេះគឺជាកត្តាសំខាន់ ដែលក្រុមគ្រួសារដើរតួនាទី៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





