មន្ត្រីជំនាញចុះស្រង់ទិន្នន័យគ្រួសារភៀសសឹកភូមិរង់ចាំ ត្រៀមប្រកួតប្រជែង “ផ្ទះស្អាត និងការធ្វើកសិកម្ម”
AKPបន្ទាយមានជ័យថ្ងៃទី០២ខែកក្កដាឆ្នាំ២០២៦--ដើម្បីជំរុញចលនាការរស់នៅស្អាត និងបង្កើនផលិតភាពកសិកម្មក្នុងគ្រួសារ មន្ត្រីជំនាញមកពីមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានចុះផ្ទាល់ដល់មូលដ្ឋានភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ដើម្បីធ្វើការស្រង់ទិន្នន័យគ្រួសារប្រជាពលរដ្ឋភៀសសឹក សម្រាប់ត្រៀមលក្ខណៈចូលរួមក្នុងកម្មវិធីប្រកួត ប្រជែងដ៏មានសារៈសំខាន់មួយគឺ “ផ្ទះស្អាត និងការធ្វើកសិកម្ម”។
កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារដឹកនាំដោយលោកស្រី កែវ គឹមអូន ប្រធានការិយាល័យកៅស៊ូ រួមជាមួយលោក ពិល ឆៃយ៉ា អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ហន អឿន មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះដល់ទីតាំងផ្ទាល់ ដើម្បីវាយតម្លៃពីសក្តានុពល និងការរៀបចំលំនៅឋានរបស់ប្រជាពលរដ្ឋ។
លោកស្រី កែវ គឹមអូន បានគូសបញ្ជាក់ថា ការចុះស្រង់ទិន្នន័យនេះ មិនមែនគ្រាន់តែជាការប្រមូលតួលេខធម្មតានោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រមួយក្នុងការ កំណត់អត្តសញ្ញាណគ្រួសារដែលបានអនុវត្តជាក់ស្តែង ក្នុងគោលបំណងកែលម្អបរិស្ថានរស់នៅឱ្យមានសោភ័ ណភាព និងការបង្កើតមុខរបរកសិកម្មខ្នាតតូចនៅក្នុងគ្រួសារ។
តាមរយៈការចុះអនុវត្តការងារផ្ទាល់ ក្រុម ការងារបានប្រមូលទិន្នន័យពីគ្រួសារសរុបចំនួន ៣៤ខ្នងផ្ទះ ដោយបានបែងចែកជាពីរគោលដៅភូមិបន្ទាយមានឫទ្ធិចំនួន ១៦គ្រួសារភូមិសាមគ្គី ចំនួន ១៨គ្រួសារ។
កម្មវិធី “ផ្ទះស្អាត និងការធ្វើកសិកម្ម” ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើសពីការប្រកួតប្រជែងសម្រស់លំ នៅឋាន។ វាគឺជាការជំរុញឱ្យប្រជាពលរដ្ឋភៀសសឹកមានទម្លាប់រស់នៅប្រកប ដោយអនាម័យ សណ្តាប់ធ្នាប់ល្អ និងការប្រើប្រាស់ដីជុំវិញផ្ទះឱ្យមានប្រសិទ្ធភាពតាមរយៈការដាំដុះ ឬចិញ្ចឹមសត្វ ដើម្បីធានាបាននូវសន្តិសុខស្បៀង និងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។
ការចុះស្រង់ទិន្នន័យនេះ គឺជាជំហានដំបូងដ៏សំខាន់ ដើម្បីធានាបាននូវសុក្រឹតភាពក្នុងការវាយតម្លៃ និងផ្តល់ការគាំទ្របច្ចេកទេសបន្ថែមជូនដល់បងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយលើកកម្ពស់ជីវភាព និងសុខុមាលភាពសង្គមដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។
ដើម្បីបំប្លែងការលំបាកឱ្យទៅជាឱកាស និងលើកទឹកចិត្តដល់ការដាំដុះឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀតនោះ ឯក ឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុម ការងារ បានដាក់ចេញនូវយន្តការជំរុញទឹកចិត្តដ៏មានប្រសិទ្ធភាពមួយ គឺការបើកយុទ្ធនាការ «ប្រឡងប្រណាំងផ្ទះស្អាត និងភូមិស្អាត» ដែលធ្វើឡើងរៀងរាល់ ៣ ខែម្តង។
ឯកឧត្តមបានបញ្ជាក់ថា «ចលនាប្រឡងប្រណាំងនេះ មិនត្រឹមតែបង្កើតឡើងដើម្បីសោភ័ណភាព និងអនាម័យប៉ុណ្ណោះទេ ប៉ុន្តែវាជាយុទ្ធសាស្ត្រពង្រឹងសន្តិសុខស្បៀងកម្រិតគ្រួសារ និងការបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ជនភៀសសឹក»។
យុទ្ធនាការនេះ នឹងធ្វើការវាយតម្លៃយ៉ាងម៉ត់ចត់ ដើម្បីជ្រើសរើសខ្នងផ្ទះគំរូចំនួន ៣ ដែលមានការរៀបចំអនាម័យល្អ និងមានសកម្មភាពដាំដុះឈានមុខគេ ដោយទទួលបានរង្វាន់លើកទឹកចិត្តជាថវិកាយ៉ាងក្រាស់ក្រែលពីរដ្ឋមន្ត្រីផ្ទាល់ លេខ ១ទ ទួលបាន៣,០០០ ដុល្លារអាមេរិក ផ្ទះស្អាត អនាម័យល្អ, មានការដាំដុះដំណាំវិលជុំជុំវិញផ្ទះច្រើនជាងគេ និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
លេខ ២ ទទួលបាន២,០០០ ដុល្លារអាមេរិក គ្រប់គ្រងបរិស្ថានជុំវិញផ្ទះបានល្អ និងមានការដាំដុះទ្រទ្រង់ជីវភាពសកម្ម។លេខ ៣បាន១,០០០ ដុល្លារអាមេរិក មានការចូលរួមចំណែកក្នុងសកម្មភាពកសិកម្ម និងថែរក្សាបរិស្ថានបានល្អសមរម្យ។

ក្រៅពីការប្រកួតប្រជែងកម្រិតបុគ្គល (ខ្នងផ្ទះ) ក៏មានការវាយតម្លៃជារួមលើការប្រឡងប្រណាំង «ភូមិស្អាត» ផងដែរ ដែលនឹងទទួលបានការឧបត្ថម្ភគាំទ្រជាសម្ភារៈ និងថវិកាសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរួមនៅក្នុងសហគមន៍ភូមិរង់ចាំទាំងមូល៕
ដោយ ៖ឈុនសារ៉ាត





