គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៨គ្រួសារនៅខេត្តព្រៃវែងទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង និងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ១៨គ្រួសារ នៅស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ។
ឯកឧត្តម សុខ ផេង បាននាំយកនូវសេចក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិ ដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់បាក់រលំផ្ទះនាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។

ក្នុងឱកាសនោះ ក្រុមការងារ បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន វិជ្ជាសង្គ្រោះបឋម វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម សុវត្ថិភាពចរាចរណ៍ គោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រែប្រួលអាកាសធាតុ បរិស្ថាន និងការចំណាកស្រុកប្រកបដោយសុវត្ថិភាព។
អំណោយដែលផ្តល់ជូនគ្រួសាររងគោះទាំងនោះរួមមាន៖
-គ្រួសារ រងគ្រោះធ្ងន់ធ្ងរ ប្រភេទ (ក)ចំនួន ៧គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥ គ.ក, តង់ ១, មី ១ កេស, ត្រី ខ ១ យួរ, ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកាចំនួន ១០០,០០០ រៀល។
-គ្រួសារ រងគ្រោះមធ្យម ប្រភេទ (ខ) ចំនួន ១១គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥ គ.ក, មី ១ កេស, ត្រី ខ ១ យួរ, ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកាចំនួន ៥០,០០០ រៀល៕


ដោយ ពេជ្រ សំអឿន (ប្រភព៖កាកបាទក្រហមកម្ពុជា)





