នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងសហព័ន្ធកីឡាជាតិ រៀបចំបទបញ្ញត្តិទូទៅ បទបញ្ជាបច្ចេកទេស វិញ្ញាសាប្រកួត ត្រៀមកីឡាជាតិ
AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦--លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានដឹកនាំកិច្ចប្រជុំជាមួយតំណាងសហព័ន្ធកីឡាជាតិនានា និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីរៀបចំបទបញ្ញត្តិទូទៅ បទបញ្ជាបច្ចេកទេស និងកំណត់ចំនួនវិញ្ញាសាប្រកួតតាមប្រភេទកីឡានីមួយៗ ត្រៀមការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលនឹងចូលមកដល់ នាខែវិច្ឆិកាខាងមុខ។

លោក ហួត សេងទ្រី បានគូសបញ្ជាក់ថា នេះជាកិច្ចប្រជុំដ៏សំខាន់១ជាមួយសហព័ន្ធកីឡាជាតិទាំង៣២សហព័ន្ធ និងតំណាងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីចូលរួមជជែងពិភាក្សាគ្នា ក្នុងការរៀបចំបទបញ្ញត្តិទូទៅបទបញ្ជាបច្ចេកទេស វិញ្ញាសាប្រកួតនៃប្រភេទកីឡានីមួយ ដើម្បីស្វែងកគោលការណ៍រួមមួយ សម្រាប់យកទៅអនុវត្តឱ្យមានដំណើរការដោយរលូន និងជោគជ័យ។ លោកបន្ថែមថា ព្រឹត្តិការណ៍កីឡាជាតិដ៏ធំប្រារព្ធធ្វើឡើងរៀងរាល់២ឆ្នាំម្តងនេះគ្រោងរៀបចំលើ៣២ប្រភេទកីឡា និងកីឡាជាតិជនពិការគ្រោងរៀបចំលើ៧ប្រភេទកីឡា។

កិច្ចប្រជុំបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិ និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានេះមានការ ចូលរួមពីលោកប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងតំណាងសហព័ន្ធកីឡាជាតិទាំង៣២ និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងលោក លោកស្រីមន្ត្រីបច្ចេកទេសពាក់ព័ន្ធនានា។

គួរបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦នេះនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី០៦-១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានក្រសួង៣ និង២៥រាជធានីខេត្តចូលរួម ខណៈការប្រកួតនឹងរៀបចំនៅរាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង។ ការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជន។ តាមការគ្រោងទុក ពិធីបើកជាផ្លូវការគ្រោងធ្វើឡើងនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង១៦:០០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការនេះនឹងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមកក្រសួងស្ថាប័នចំនួន៣ និង២៥រាជធានីខេត្តទូទាំងប្រទេសចូលរួមជាង ៥ ០០០ នាក់៕

ដោយ ហេង ណាលីន





