រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអង្គការទស្សនៈពិភពលោកសហការគ្នាបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសខួងអណ្តូងភ្ជាប់អាងអាកាស នៅភូមិរង់ចាំ
AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦--ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ និងលើកកម្ពស់សុខុមាលភាពរបស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាក្នុងភូមិរង់ចាំ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យដំណើរការខួងអណ្តូងចំនួន២ ដែលមានភ្ជាប់អាងអាកាស»។
ពិធីនេះត្រូវបានធ្វើឡើងនៅទីស្នាក់ការខេត្ត ស្ថិតក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក ឃ្លោក នួយ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការទស្សនៈពិភពលោក (World Vision)។

វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងស្រុកថ្មពួក, អភិបាលរងស្រុកស្វាយចេក, តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត, មេភូមិទាំង៧ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត ដែលនេះស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការសហការគ្នាយ៉ាងស្អិតរមួតរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍។
គោលបំណងចម្បង គឺដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងថែទាំដំណើរការខួងអណ្តូងទឹកស្អាតទាំង២ ដែលមានភ្ជាប់អាងអាកាស សម្រាប់តភ្ជាប់ជូនសាលាបឋមសិក្សាក្នុងភូមិរង់ចាំ ឃុំស្លក្រាម ក្នុងគោលដៅផ្តល់ប្រភពទឹកស្អាតប្រើប្រាស់បានគ្រប់គ្រាន់ និងមានចីរភាពដល់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ។

នៅក្នុងឱកាសនោះ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម អ៊ុ រាត្រី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការទស្សនៈពិភពលោក ដែលជានិច្ចកាលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងខេត្តបន្ទាយមានជ័យ ជាងនេះវិស័យទឹកស្អាត និងអនាម័យនៅតាមសាលារៀនជាពិសេសក្នុងមូលដ្ឋានរស់នៅរបស់ពលរដ្ឋភៀសសឹកភូមិរង់ចាំនេះ។
លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា ទឹកគឺជាជីវិត ការមានប្រភពទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នៅក្នុងសាលារៀន មិនត្រឹមតែជួយដល់សុខភាពសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតាលីករយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិស្ថានសិក្សាឱ្យកាន់តែប្រសើរឡើង និងកាត់បន្ថយអត្រាអវត្តមានរបស់សិស្សដោយសារជំងឺតម្កាត់ផ្សេងៗ។
ជាមួយនោះ លោកក៏បានជំរុញឱ្យអាជ្ញាធរស្រុកទាំងពីរ (ស្វាយចេក និងថ្មពួក) មន្ទីរជំនាញ និងមេភូមិទាំង៧ ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ ដើម្បីយកទៅអនុវត្តផ្ទាល់ក្នុងការត្រួតពិនិត្យបច្ចេកទេសខួងអណ្តូងឱ្យមានគុណភាពខ្ពស់ និងត្រូវរួមគ្នាថែរក្សាការពារសមិទ្ធផលទាំងនេះឱ្យប្រើប្រាស់បានយូរអង្វែងជាប្រយោជន៍ដល់កូនចៅក្នុងសហគមន៍។

តាមរយៈគម្រោងខួងអណ្តូងភ្ជាប់អាងអាកាសនេះ នឹងក្លាយជាគំរូមួយក្នុងការគ្រប់គ្រងទឹកស្អាតតាមបែបទំនើបនៅតាមជនបទ ដែលធានាថាទឹកនឹងត្រូវស្តុកទុក និងចែកចាយបានយ៉ាងមានប្រសិទ្ធភាព ទោះបីជាស្ថិតក្នុងរដូវប្រាំងក៏ដោយ។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ក្រុមការងារបច្ចេកទេសរួមនឹងអាជ្ញាធរមូលដ្ឋាន នឹងចាប់ផ្តើមអនុវត្តការងារចុះត្រួតពិនិត្យការដ្ឋានខួងអណ្តូងផ្ទាល់ ដើម្បីធានាឱ្យទាន់ពេលវេលាសម្រាប់តម្រូវការរបស់សាលារៀនក្នុងតំបន់ពលរដ្ឋភៀសសឹករស់នៅភូមិរង់ចាំនេះ៕
ដោយ ឈុន សារ៉ាត





