ឧត្តមសេនីយ៍ទោ សែម រតនាបានគូសបញ្ជាក់ពីសារៈសំខាន់នៃជំនួយឧបត្ថម្ភក្នុងការហ្វឹកហ្វឺនពីសាធារណរដ្ឋឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦--ក្នុងជំនួបពិភាក្សាការងារជាមួយ វរសេនីយ៍ឯក Abishek Arora អនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានគូសបញ្ជាក់ពីសារៈសំខាន់នៃជំនួយឧបត្ថម្ភហ្វឹកហ្វឺនពីសាធារណរដ្ឋឥណ្ឌាពីឆ្នាំ២០០៧ ដល់បច្ចុប្បន្ន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់ជំនួយនេះពីសំណាក់ភាគីឥណ្ឌាមកដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា មានប្រសាសន៍ថា តាមរយៈការផ្តល់ជំនួយមកលើការហ្វឹកហ្វឺនពីសំណាក់បណ្តាប្រទេសជាមិត្ត ក្នុងនោះមានប្រទេសឥណ្ឌាផងដែរ បានធ្វើឱ្យកម្ពុជាអាចបញ្ជូនកងកម្លាំងរបស់ខ្លួនឱ្យទៅចូលរួមក្នុងការរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិបានជាបន្តបន្ទាប់ ដោយចាប់ពីឆ្នាំ២០០៦មកដល់បច្ចុប្បន្នកម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមក្នុងតំបន់បេសកកម្មមានចំនួន ១០៤៤០នាក់ (នារី ៩៨៨នាក់) ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន ១០ មានជាអាទិ៍ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឹស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកំរិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្ដេក បញ្ឈរ នាយទាហានសេនាធិការ និងនាយទាហានសង្កេតការណ៍។
ឯកឧត្តមបានលើកឡើងថា នៅក្នុងតំបន់បេសកកម្មនៅសាធារណរដ្ឋលីបង់បន្ទាយកម្ពុជា និងឥណ្ឌាស្ថិតនៅជាប់គ្នា ដែលអនុញ្ញាតឱ្យកងកម្លាំងទាំងពីរចែករំលែកបទពិសោធន៍ និងប្រពៃណីជាមួយគ្នា។ កងកម្លាំងឥណ្ឌាបានផ្តល់ការការពារដល់កងកម្លាំងកម្ពុជាក្នុងអំឡុងពេលបេសកកម្មរបស់ពួកគេនៅក្នុង និងជុំវិញមូលដ្ឋានរបស់ពួកគេ ខណៈដែលកងកម្លាំងវិស្វកម្មកម្ពុជាក៏ជួយសាងសង់ប៉ុស្តិ៍សន្តិសុខ ចំណុចត្រួតពិនិត្យ និងជម្រកផងដែរ។ នៅក្នុងតំបន់បេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូងកងកម្លាំងឥណ្ឌាបានផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកងកម្លាំងកម្ពុជាដោយពិនិត្យ និងផ្តល់ការព្យាបាលវេជ្ជសាស្ត្រដល់កងកម្លាំងកម្ពុជាដែលឈរជើងនៅជូបា និងម៉ាឡាកាល ក៏ដូចជាផ្តល់ការការពារដល់កងកម្លាំងកម្ពុជាដែលឈរជើងនៅម៉ាឡាកាល។

ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានសំណូមពរដល់ភាគីឥណ្ឌាឱ្យផ្តល់យោធាចារ្យសម្រាប់ការបណ្តុះបណ្តាលប្រចាំឆ្នាំ ក្នុងការរក្សាសន្តិភាព វិស្វកម្ម ការប្រឆាំងគ្រឿងផ្ទុះកែច្នៃ និងការបោសសម្អាតមីនដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជានៅកម្ពុជា ការផ្តល់អាហារូបករណ៍ដល់នាយទាហានកម្ពុជាដើម្បីបណ្តុះបណ្តាលបន្ថែមទៀតក្នុងវិស័យរក្សាសន្តិភាពនៅសាធារណរដ្ឋឥណ្ឌា ជំរុញការចុះអនុស្សរណៈយោគយល់គ្នាសម្រាប់ការសាងសង់ និងបំពាក់បរិក្ខានៅមន្ទីរពេទ្យកម្រិត១ នៅសាលាហ្វឹកហ្វឺនពហុសាសន៍ ខេត្តកំពង់ស្ពឺ ផ្លាស់ប្តូរទស្សនកិច្ចប្រចាំឆ្នាំក្នុងវិស័យរក្សាសន្តិភាពរវាងប្រទេសទាំងពីរ បន្តផ្តល់ការការពារ និងការព្យាបាលដល់កងកម្លាំងកម្ពុជាដែលឈរជើងនៅតំបន់បេសកកម្មនៅសាធារណរដ្ឋលី បង់ និងស៊ូដង់ខាងត្បូង។

ជាការឆ្លើយតប វរសេនីយ៍ឯក Abishek Arora អនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ហើយថារាល់សំណូមពរនាពេលនេះ លោកនឹងយកទៅដាក់ជូនក្រសួងការពាជាតិឥណ្ឌា ដើម្បីពិនិត្យ និងធ្វើសេចក្តីសម្រេច៕
ដោយ ចាន់ សុភឿន





