ក្រុមហ៊ុនថាមពលលីប៊ីទិញយកទ្រព្យសកម្មរបស់ក្រុមហ៊ុន TotalEnergies នៅក្នុងប្រទេសអេត្យូពី
AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ -- យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយរដ្ឋាភិបាលឯកភាពជាតិដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលីនៅលើវេទិកាផ្លូវការរបស់ខ្លួន បានឱ្យដឹងថា ក្រុមហ៊ុន OLA Energy Holdings Ltd. របស់ប្រទេសលីប៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីទិញយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន TotalEnergies នៅក្នុងប្រទេសអេត្យូពី។
ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន OLA Energy នឹងទិញយកស្ថានីយសេវាកម្មប្រេងឥន្ធនៈប្រហែល ១២០កន្លែង ឃ្លាំងស្តុកប្រេងឥន្ធនៈដែលមានសមត្ថភាពផ្ទុក ១៣.០០០ម៉ែត្រគូប ក៏ដូចជាសកម្មភាពប្រតិបត្តិការនិងពាណិជ្ជកម្មពាក់ព័ន្ធផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនក្នុងការពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារអាហ្វ្រិក និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែទូលំទូលាយនៅទូទាំងទ្វីប។
ក្រុមហ៊ុន OLA Energy Holdings Ltd. ដែលពីមុនត្រូវបានគេស្គាល់ថា ក្រុមហ៊ុន Oil Libya Holdings Ltd. គឺជាក្រុមហ៊ុនថាមពលទូទាំងទ្វីបអាហ្វ្រិកដែលគ្រប់គ្រងដោយស្ថាប័នវិនិយោគលីប៊ី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





