ដំណាំស្រូវរបស់ប្រជាកសិករនៅស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូររងផលប៉ះពាល់ និងប្រឈមដោយគ្រោះរាំងស្ងួត
AKP កំពង់ធំ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦--មន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងកាលពីរសៀលថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៦ថា ដំណាំស្រូវរបស់ប្រជាកសិករនៅស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូររងផលប៉ះពាល់ និងប្រឈមដោយគ្រោះរាំងស្ងួត។

មន្ត្រីរូបនោះបានបន្តថា ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋានឃុំ ស្រុកនិងមន្រ្តីកសិកម្មឃុំ អំពីផលប៉ះពាល់ និងប្រឈមដោយគ្រោះរាំងស្ងួតលើដំណាំស្រូវធ្ងន់ កណ្តាល និង ស្រាលរបស់កសិករ។ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ បានសហការជាមួយអាជ្ញារធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃពីស្ថានភាពជាក់ស្តែងនៅទីតាំងផ្ទាល់ពីស្ថានភាពផលប៉ះពាល់ និងប្រឈម ដោយគ្រោះរាំងស្ងួត លើដំណាំស្រូវមានផ្ទៃដីប៉ះពាល់សរុបចំនួន ១៥២ហិកតា និងប្រឈមសរុបចំនួន ៧ ៧៨៨ លើ២ស្រុក ៥ ឃុំ ៤២ ភូមិ ស្មើនឹង ៣ ៦១៧ គ្រួសារ រួមមាន៖ ១.ស្រុកកំពង់ស្វាយចំនួន ៤ ឃុំ(ដំរីស្លាប់ នីពេជ សាន់គ និងឃុំត្បែង) ចំនួន ៣៧ ភូមិ ស្មើនឹង ៣ ៥០២ គ្រួសារ ផ្ទៃដីផលប៉ះពាល់ ស្រូវស្រាលចំនួន ៣៧ ហិកតា នៅដំណាក់កាល លូតលាស់ និងផ្ទៃដីប្រឈមចំនួន ៧ ៧៨៨ ហិកតា។ ករណីនេះ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ បានអន្តរាគមន៍ដាក់ម៉ាស៊ីនបូមទឹកចំនួន ៣ គ្រឿង។ ២.ស្រុកប្រាសាទសំបូរ ឃុំសំបូរចំនួន ៥ ភូមិ ស្មើនឹង ១១៥ គ្រួសារ ផ្ទៃដីរងផលប៉ះពាល់ចំនួន ១១៥ ហិកតា នៅដំណាក់កាលលូតលាស់។ ស្ថានភាពផ្ទៃដីបង្កបង្កើនផលស្រូវត្រូវពឹងផ្អែកលើទឹកភ្លៀងដោយសារគ្មានប្រភពទឹក។ បច្ចុប្បន្នមន្ទីរបន្តតាមដាន និងបានចាត់ឱ្យការិយាល័យជំនាញសហការជាមួយអាជ្ញាធរ ស្រុក និងមន្ត្រីកសិកម្មឃុំចុះពិនិត្យតាមដាន និងវាយតម្លៃស្ថានភាពផលប៉ះពាល់ និងប្រឈមនេះបន្តទៀត។ ក្នុងករណីពុំមានទឹកភ្លៀងធ្លាក់នោះទេ ស្ថានភាពផលប៉ះពាល់ ប្រឈមនិងខូចខាតអាចកើនឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងតាមដានការអនុវត្តវិធានការអន្តរាគមន៍ ដើម្បីដោះស្រាយបញ្ហាគ្រោះរាំងស្ងួត ដែលកំពុងប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករនៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែងនៅតាមតំបន់ដែលរងផលប៉ះពាល់ និងជំរុញការអនុវត្តវិធានការបន្ទាន់ក្នុងការផ្គត់ផ្គង់ទឹកសង្គ្រោះដំណាំស្រូវ ខណៈបាតុភូតរាំងស្ងួតបានធ្វើឱ្យតំបន់មួយចំនួនប្រឈមនឹងការខ្វះខាតទឹកសម្រាប់ការបង្កបង្កើនផល។ ឯកឧត្តម នួន ផារ័ត្ន ក៏បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ញាធរស្រុក ឃុំ និងមន្ត្រីជំនាញបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងនិងបែងចែកប្រភពទឹកដែលមានឱ្យមានប្រសិទ្ធភាព ដោយផ្តល់អាទិភាពដល់តំបន់ដែលកំពុងខ្វះទឹកធ្ងន់ធ្ងរ និងស្រែស្រូវដែលអាចសង្គ្រោះបានជាមុន។ គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការអនុវត្តវិធានការបច្ចេកទេស ការបូមទឹក ការបើកទ្វារទឹក និងការរៀបចំប្រព័ន្ធបញ្ជូនទឹកឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការខូចខាតលើដំណាំស្រូវ និងរក្សាបាននូវទិន្នផលកសិកម្មរបស់ប្រជាពលរដ្ឋ៕


ដោយ ស៊ុម វណ្ណា





