សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យអាជ្ញាធរ ស្វែងរកចាប់មេខ្យល់ដែលបំផុសប្រជាពលរដ្ឋឱ្យទៅឆក់ត្រី
AKP ស្វាយរៀង ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាឱ្យស្វែងរកចាប់មេខ្យល់ ដែលបានបំផុសប្រជាពលរដ្ឋឱ្យទៅឆក់ត្រី ហើយបើបានត្រី គេចាំទិញបន្តពីប្រជាពលរដ្ឋ វិញ។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី “ទិវាមច្ឆជាតិ ១ កក្កដា នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ឥឡូវឱ្យរកមើល ចាប់ឱ្យបានអ្នកដែលបំផុសហ្នឹង ហើយបើប្រឈមនឹងច្បាប់ប្រជាជនជាអ្នកប្រឈមហើយគេរួចខ្លួន»។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានរម្លឹកថា កាលពីមុន មានអ្នកបំផុសឱ្យប្រជាពលរដ្ឋទៅចាប់ដី ប៉ុន្ដែ ឥឡូវមានអ្នកបំផុសឱ្យប្រជាពលរដ្ឋរាប់រយនាក់ប្រើប្រាស់ឧបករណ៍ឆក់ត្រី ហើយនៅពេលឆក់បានគេចាំទិញវិញ ខណៈពេលដែលប្រឈមមុខនឹងផ្លូវច្បាប់ ប្រជាជនជាអ្នកប្រឈម នៅពេលអាជ្ញាធរចាប់បាន។ សម្ដេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃមុនមានអ្នកទៅបំផុសប្រជាពលរដ្ឋឱ្យទៅឆក់ រាប់រយនាក់ ហើយអ្នកបំផុសហ្នឹង ឱ្យប្រជាពលរដ្ឋទៅឆក់ បើបានគេទិញ បើប្រឈមមុខច្បាប់គឺប្រជាជន គេរួចខ្លួន។ ឥឡូវឱ្យរកមើល ចាប់ឱ្យបានអ្នកបំផុសហ្នឹង»។

ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានអះអាងថា ក្នុងរយៈពេល ២ឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទបាន ធ្វើឱ្យកំណើនផលត្រីបានកើនឡើង ប៉ុន្ដែក្នុងនោះ ក៏មានបញ្ហាមួយដែរ គឺតម្លៃត្រីចុះថោក។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «ជាធម្មតាទេ ពេលដែលត្រីសម្បូរហើយ តម្លៃក៏វាធ្លាក់ថ្លៃហើយ ប៉ុន្ដែពេលដែលត្រីឡើងថ្លៃ និងត្រីក្សត់ ត្រូវលំបាកទាំងអស់គ្នា។ ស៊ូសម្បូរត្រី ហើយត្រីថោកចុះ យើងបានរស់ទាំងអស់គ្នា ជាជាងអត់ត្រីហើយ ត្រីឡើងថ្លៃ»៕
ដោយ៖ ប៊ុនរិទ្ធ





