សូមមានការប្រុងប្រយ័ត្នក្នុងធ្វើដំណើរទៅកាន់ទីជិត ឆ្ងាយ ពិសេសតាមផ្លូវសមុទ្រ ព្រោះក្នុងរយៈពេល៣ថ្ងៃនេះអាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី៦០ភាគរយ
AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២៦--ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តាខេត្ដ-រាជធានី អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី៦០% ។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ។

បើយោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមដដែលបានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះនឹងមានសម្ពាធទាបគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបោកបក់មកលើ ព្រះរាជាណាចក្រកម្ពុជា។
ដោយសារស្ថានភាពបែបនេះនឹងធ្វើឱ្យមានឥទ្ធិពលលើតំបន់មួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចជា៖
១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៥°Cនិងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសពាយ័ព្យមានល្បឿនមធ្យម ៣ម៉ែត្រក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប ដណ្តប់លើផ្ទៃដី៦០%។

២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៣ម៉ែត្រក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី៤០%។
៣-តំបន់មាត់ សមុទ្រ៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើ ផ្ទៃដី៥០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។ អាស្រ័យហេតុនេះសូមបងប្អូនធ្វើដំណើរទៅកាន់ទីជិត ឆ្ងាយ និងធ្វើដំណើរតាមផ្លូវសមុទ្រ សូមមេត្តាមានការប្រុងប្រយ័ត្ន៕
ដោយ សួស សំរិត





