ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានជំរុញដល់អង្គភាពច្រកចេញចូលតែមួយ ឱ្យពន្លឿនបន្ថែមទៀតនូវការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ
AKP កំពង់ឆ្នាំង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញដល់អង្គភាពច្រកចេញចូលតែមួយ ឱ្យពន្លឿនបន្ថែមទៀតនូវការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ។ ការជំរុញបែបនេះនៅក្នុងឱកាស ដែលឯកឧត្តមអញ្ជើញបើកកិច្ចប្រជុំស្ដីពីការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រកចេញចូលតែមួយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្ត ក្រុមការងាររដ្ឋបាលខេត្ត និងមន្ត្រីមន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជាយើង ការចុះបញ្ជីដីធ្លីគឺជាកិច្ចការមួយដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងគោលនយោបាយដីធ្លី ដើម្បីជួយពន្លឿនការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាយុទ្ធសាស្រ្តក្នុងការបង្ការវិវាទ និងបញ្ចប់វិវាទដីធ្លីទូទាំងប្រទេស។ ក្រោយពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្ដល់វិញ្ញាបនបត្រជូន គឺបានជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋបានជាច្រើនដូចជា៖ មានកន្លែងរស់នៅមួយដែលពិតប្រាកដ អាចប្រកបមុខរបរចិញ្ចឹមជីវិតងាយស្រួលអាស្រ័យផលលើផ្ទៃដីដែលជាកម្មសិទ្ធិរបស់គាត់ផ្ទាល់ ពិសេសកាត់បន្ថយនូវទំនាស់ដីធ្លីដែលកើតឡើងដោយសារការរស់នៅលើដីដែលមិនច្បាស់លាស់ និងគ្មានបណ្ណកម្មសិទ្ធិជាដើម។ ម្យ៉ាងទៀត គឺមានបណ្ណកម្មសិទ្ធិស្របច្បាប់ អាចយកទៅខ្ចីលុយធ្វើដើមទុនរកស៊ីបានទៀតផង។

ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញដល់មន្ត្រីពាក់ព័ន្ធ ពន្លឿនកាងារផ្ដល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់ ព្រោះឯសារនីមួយៗសំខាន់ណាស់ ជាឯកសារតំណាងឱ្យទ្រព្យរបស់បងប្អូនជាឯកសារតំណាងឱ្យកម្មសិទ្ធិផ្ដាច់មុខរបស់កម្មសិទ្ធិករលើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរទៅឱ្យកូនចៅជាដើម។ កន្លងមកយើងឃើញថា ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងគឺលោកសប្បាយចិត្ត គាត់យល់ដឹងពីការប្រើប្រាស់បណ្ណកម្មសិទ្ធិដីធ្លីនេះ គឺធានាដោយច្បាប់៕


ដោយ បៃ ស៊ីថុន





