សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអាជ្ញាធរជួយមើលបទល្មើសអូសលៀសយកទាំងតូចទាំងធំដែលអាចឈានដល់ហិចហោច
AKP ស្វាយរៀង ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦–ក្រៅពីអំពាវនាវឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋជួយការពារធនធានមច្ឆជាតិ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យអាជ្ញាធរជួយមើលបទល្មើសអូសលៀសតាមទន្លេយកទាំងតូចទាំងធំដែលអាចឈានដល់ហិចហោចនាពេលអនាគត។

ការស្នើរបស់សម្ដេចធិបតីធ្វើឡើងក្នុងឱកាសអញ្ជើញអបអរទិវាមច្ឆជាតិនៅទន្លេវ៉ៃគោខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ដោយសម្ដេចបានមានប្រសាសន៍ថា «សុំមើលផងអាការអូសលៀស អូសម្ដង៣០ ៤០តោន អូសទាំងអាតូចទាំងអាធំ ចឹងខ្ទេចអស់ ខ្ញុំបញ្ជាឱ្យកងទ័ពជើងគោកនៅចាំទន្លេសាបចេញធ្វើការ ឥឡូវកងទ័ពជើងគោក ២ឆ្នាំនេះវ៉ៃទាំងល្មើសធម្មជាតិទាំងទឹកទាំងគោក»។
ជុំវិញបញ្ហានេះ សម្ដេចចង់ឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមជាមួយរដ្ឋបាលជលផល ជាមួយសមត្ថកិច្ចផ្សេងៗ ជាមួយសហគមន៍ ដើម្បីធ្វើការជាមួយគ្នាដោយរករូបមន្តណាមួយដែលមានចីរភាពសម្រាប់ទៅថ្ងៃខាងមុខ។
សម្ដេចបញ្ជាក់ថា សម្ដេចមិនចង់ប្រើកងទ័ព កងកម្លាំងបន្ថែមទេ ប៉ុន្តែចង់ពង្រឹងសមត្ថភាពអ្នកនៅមូលដ្ឋានផ្ទាល់ឱ្យមានសមត្ថភាពការពារដោយខ្លួនឯង។
សូមជម្រាបជូនថា ទិវាមច្ឆជាតិ ១ កក្កដា លើកទី២១ ឆ្នាំ២០២៦នេះ លែងត្រីមេពូជ កូនត្រី និងវារីសត្វសរុប ២០ប្រភេទ រួមមាន ត្រីគល់រាំង ត្រីរាជ ត្រីខ្ជឹង ត្រីដំរី ត្រីកាហែ ត្រីឆ្អិន ត្រីគ្រំ ត្រីត្រសក់ ត្រីកន្ត្រប់ខ្លា ត្រីប្រា ត្រីពោ ត្រីក្រាញ់ ត្រីសណ្តាយ ត្រីអណ្តែង ត្រីព្រលូង កង្កែប បង្កង អន្ទង់ អណ្ដើក កន្ធាយ សរុបប្រមាណ ១,៥លានក្បាល៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





