ព្រះមហាក្សត្រអំពាវនាវជនរួមជាតិរួមគ្នាជាធ្លុងគាំទ្ររាជរដ្ឋាភិបាលលើការការពារព្រំដែន
AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦--ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលអំពាវជនរួមជាតិ បន្តរួមគ្នា ជាធ្លុងមួយនៃមហាគ្រួសារខ្មែរ គាំទ្ររាជរដ្ឋាភិបាលលើការការពារអធិបតេយ្យ បូរណភា ពទឹកដី ។នេះបើតាមព្រះរាជសារ ព្រះមហាក្សត្រ ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ។

ព្រះរាជសារបញ្ជាក់យ៉ាងដូច្នេះថា៖"ខ្ញុំព្រះករុណា សូ អំពាវដល់ជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស បន្តរូបរួមគ្នា ជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ក្រោមស្មារតីស្នេហាជាតិស្មោះស្ម័គ្រ ជឿជាក់ និងគាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកច ម្រើន ជឿនលឿន ថែមទៀត ដោយត្រូវបន្តធ្វើកំណែទម្រង់ និងទំនើបកម្មស្ថាប័នរដ្ឋ ដោយយកប្រជាជនជាស្នូល"។

ជាងនេះព្រះមហាក្សត្រមានព្រះរាជបន្ទូលលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ជាពិសេស យុវជន ចូលរួមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា សំដៅរួមគ្នាការពារ និងកសាងជាតិ មាតុភូមិ ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។

ព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលបន្ថែមថា សមាជិករដ្ឋសភាក៏បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដោយបានសិក្សាស្វែងយល់អំពីសុខទុក្ខក្តីកង្វល់ តម្រូវការ និងបានដោះស្រាយបញ្ហាប្រឈម ជាពិសេសបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតីរួមសាមគ្គីគ្នា ជាមហា គ្រួសារខ្មែរ និងឯកភាពជាតិខ្ពស់ តាមរយៈការជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់កងកម្លាំងវីរយុទ្ធជន ការពារជាតិជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្ត នៅតាមព្រំដែន ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាង មោះមុត ក្នុងការឆ្លើយតបទាំងនៅកម្រិតថ្នាក់ជាតិ និងអន្តរជាតិ ដោយមធ្យោបាយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ចំពោះការឈ្លានពានពីសំណាក់ប្រទេសជិតខាង។ ការណ៍នេះ បានសបញ្ជាក់ឱ្យឃើញ យ៉ាងច្បាស់ពីកម្លាំងរូបរួមសាមគ្គីគ្នាជាធ្លុងមួយ ជាប្រជាជាតិដែលស្នេហាសន្តិភាព ស្អប់ ខ្ពើមសង្គ្រាម និងគោរពច្បាប់អន្តរជាតិ៕
ដោយ៖ប៊ុនរិទ្ធ





