មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺបន្តធ្វើយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ បសេដ្ឋ
AKP កំពង់ស្ពឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦-- លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ និងលោក ជា សុខុន អភិបាលរងនៃគណៈអភិបាលស្រុកបសេដ្ឋ អញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយយុទ្ធនាការក្រោមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ បសេដ្ឋ ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងកងកម្លាំងទាំង៣ប្រភេទ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ សរុបប្រមាណ ១,៥០០នាក់។ យុទ្ធនាការជំហានទី២នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តដាស់តឿន និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ពិសេសក្នុងស្រទាប់យុវវ័យ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម ឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ប្រកបដោយគរុកោសល្យ និងការទទួលខុសត្រូវ ក្នុងការទទួល និងចែករំលែកព័ត៌មាន។ យុទ្ធនាការនេះក៏ជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលបំពុលបរិយាកាសសង្គម បង្កភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។


លោក ជា សុខុន អភិបាលរងស្រុកបសេដ្ឋ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្ត ដែលបានជ្រើសរើសវិទ្យាល័យនៅក្នុងស្រុកបសេដ្ឋ ដើម្បីបន្តយុទ្ធនាការដ៏មានសារៈសំខាន់នេះ។ លោកអភិបាលរងស្រុកបានសង្កត់ធ្ងន់ថា បច្ចុប្បន្នបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង ដែលធ្វើឱ្យការទទួលព័ត៌មានមានភាពរហ័ស ប៉ុន្តែក៏មានការបង្កើតព័ត៌មានក្លែងក្លាយ (Fake News) ដើម្បីបោកប្រាស់ និងកេងចំណេញពីអ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ក៏បានពន្យល់ណែនាំ និងចែករំលែកនូវវិធីសាស្ត្រគន្លឹះៗក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន ដល់ប្អូនៗសិស្សានុសិស្ស និងអ្នកចូលរួមទាំងអស់ ដើម្បីបណ្តុះស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការទទួល និងចែករំលែកព័ត៌មាន ប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ក្នុងនាមជាអ្នកប្រើប្រាស់បណ្តាញសង្គមដ៏ឆ្លាតវៃ ព្រមទាំងរួមគ្នាកសាងសហគមន៍ឌីជីថលមួយដែលមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់។


ទន្ទឹមនឹងការអប់រំផ្សព្វផ្សាយពីយុទ្ធនាការព័ត៌មានក្លែងក្លាយ លោកស្រីប្រធានមន្ទីរក៏បានឆ្លៀតឱកាសផ្ដាំផ្ញើ និងដាស់តឿនក្រើនរំលឹកដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ពិសេសប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខនេះ។ លោកស្រីបានសង្កត់ធ្ងន់ថា ប្អូនៗថ្នាក់ទី១២ ត្រូវត្រៀមប្រឡងបាក់ឌុបក្នុងឆ្នាំនេះហើយ ដូច្នេះត្រូវកាត់បន្ថយការមើល និងលេងទូរស័ព្ទច្រើនហួសហេតុ ដែលនាំឱ្យខាតពេលវេលា។ ផ្ទុយទៅវិញ ត្រូវយកពេលវេលាទាំងនោះមកផ្តោតលើការរំលឹកមេរៀន ស្វ័យសិក្សា និងពង្រឹងសមត្ថភាព ដើម្បីទទួលបានលទ្ធផលជោគជ័យ និងទទួលបានជ័យលាភីនិទ្ទេសល្អៗជូនគ្រួសារ និងសាលារៀនផងដែរ។

លើសពីនេះសិស្សានុសិស្សដែលបានឆ្លើយសំណួរត្រឹមត្រូវ នឹងទទួលបានកាដូអនុស្សាវរីយ៍ លើកទឹកចិត្តពាក់ព័ន្ធនឹងការយល់ដឹងអំពីព័ត៌មានក្លែងក្លាយ ដើម្បីវាស់ស្ទង់ការយល់ដឹងរបស់សិស្សានុសិស្សឱ្យបន្តសិក្សាស្វែងយល់ អភិវឌ្ឍជំនាញគិតពិចារណា និងចូលរួមផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយការទទួលខុសត្រូវ៕
ដោយ៖ ម៉ែន ប៊ុនធីម





