សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបងប្អូនអ្នកបើកយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្នពេលបើកបរ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ស្នើឱ្យបងប្អូនអ្នកបើកយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្នពេលបើកបរ។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោបានសរសេរថា បាល់មូលពិតមែន ព្រោះប្រទេសនៅតំបន់អាមេរិកខាងត្បូង និងនៅអាហ្រ្វិកខាងជើងបានបណ្តេញប្រទេសនៅតំបន់អឺរ៉ុបដែលធ្លាប់ខ្លាំងខាងបាល់ទាត់ ទៅផ្ទះវិញអស់ពីរក្រុមហើយ ដែលធ្វើឱ្យអ្នកលេងភ្នាល់បាល់ចាញ់ចង់ឡប់។ សម្តេចតេជោបញ្ជាក់ថា រដូវបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ មនុស្ស ធ្វើការពេលព្រឹកមិនសូវសកម្មព្រោះងងុយផង និងមើលបាល់ទាត់ផង ព្រោះគេទាត់ក្រោយ ម៉ោង១២យប់រហូតម៉ោង១០ព្រឹក។ សម្តេចតេជោក៏សូមបងប្អូនអ្នកបើកយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្ន ពេលបើកបរ។ បើងងុយកុំបើកបរនាំគ្រោះថ្នាក់៕
ដោយ៖ ជឹម ណារី





