សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវទទួលទង់ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ាន លើកទី១៤ ឆ្នាំ២០២៧
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦-- សន្និសីទមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ាន លើកទី១៣ នៅខេត្តសៀមរាប ដែលនាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះដើម្បីជួបជុំក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងគ្នាទៅវិញទៅមកបានបិទបញ្ចប់នាល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយអង្គសន្និសីទបានធ្វើការប្រគល់ទង់វេជ្ជសាស្ត្រយោធាអាស៊ានជូនដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ាន លើកទី១៤ ឆ្នាំ២០២៧។

ថ្លែងបិទសន្និសីទនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិបានគូសបញ្ជាក់ថា សន្និសីទនេះបានបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាន និងដៃគូអន្តរជាតិក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធវេជ្ជសាស្ត្រយោធាការត្រៀមខ្លួនបង្ការ ការឆ្លើយតបបន្ទាន់ និងគ្រប់គ្រងវិបត្តិដែលអាចកើតមានឡើងពីការប្រើប្រាស់អាវុធគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ ខណៈដែលយើងទាំងអស់គ្នាបានទទួលស្គាល់ថាការគំរាមកំហែងនៃអាវុធប្រភេទនេះ មិនត្រឹមតែប៉ះពាល់ដល់វិស័យសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ស្ថិរភាពសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះ ការរួបរួមគ្នា ការចែករំលែកព័ត៌មាន និងការអភិវឌ្ឍសមត្ថភាពរួម គឺជាកត្តាចាំបាច់ក្នុងការធានាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនក្នុងតំបន់។

បើតាមនាយកដ្ឋានសុខាភិបាលនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិ ការរៀបចំសន្និសីទមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ានលើកទី១៣នេះឡើង គឺជាការឆ្លុះបញ្ចាំងឱ្យឃើញជាក់ស្តែងអំពីការយកចិត្តទុកដាក់ ស្មារតីសាមគ្គីភាព មិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលជាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វិស័យវេជ្ជសាស្ត្រយោធានៅក្នុងតំបន់អាស៊ាន ខណៈដែលការរៀបចំសន្និសីទមេបញ្ជា ការវេជ្ជសាស្ត្រយោធាអាស៊ាន លើកទី១៣នេះ បានផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទនៃការធានាការគំរាមកំហែងដោយសារធាតុគីមី ឬក៏អាវុធគីមី ដែលជាបញ្ហាប្រឈមសុខភាពសាធារណៈ ហើយប៉ះពាល់ដល់សុខភាពរបស់មនុស្ស សត្វ និងបរិស្ថានដ៏ធ្ងន់ធ្ងរ ដែលជាអំពើដ៏អមនុស្សធម៌ ដែលទាំងអស់គ្នាគួរតែមានវិធានការទប់ស្កាត់ និងអន្តរាគមន៍តាមគ្រប់រូបភាពជាលក្ខណៈជាតិ និងអន្តរជាតិ៕

ដោយ៖ ចាន់ សុភឿន





