ក្រសួងកសិកម្មណែនាំឱ្យអង្គភាពជំនាញ និងមន្ទីររាជធានី-ខេត្តបង្កើនសកម្មភាពអធិការកិច្ចជី និងថ្នាំកសិកម្ម
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦-- មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការណែនាំដល់អង្គភាពជំនាញ និងមន្ទីររាជធានី-ខេត្តបង្កើនសកម្មភាពអធិការកិច្ចជី និងថ្នាំកសិកម្ម។
ក្នុងសិក្ខាសាលាពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចលើការគ្រប់គ្រងជី និងថ្នាំកសិកម្ម នៅទីស្តីការក្រសួងដែលមានរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់ឱ្យដឹងថា សិក្ខាសាលានេះធ្វើឡើងក្នុង គោលបំណងបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង២៥រាជធានី-ខេត្តលើការងារគ្រប់គ្រងជី និងថ្នាំកសិកម្ម, ពិភាក្សាអំពីបញ្ហាប្រឈមដើម្បីរកដំណោះស្រាយ និងកំណត់ផែនការសកម្មភាពដែលត្រូវអនុវត្តបន្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដោយផ្តោតលើការពង្រឹងការងារអធិការកិច្ចជី និងថ្នាំកសិកម្ម។

ឯកឧត្តម គង់ ច័ន្ទវាសនា បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ មន្ទីរកសិកម្ម និងការិយាល័យនីតិកម្មកសិកម្មរាជធានី-ខេត្ត ដែលបំពេញការងារដោយការទទួលខុសត្រូវនិងសម្រេចបានលទ្ធផលល្អប្រសើរលើការគ្រប់គ្រងជី និងថ្នាំកសិកម្ម ក្នុងរយ:ពេល៣ឆ្នាំកន្លងមកនេះ ក្រោយក្រសួងបានកែសម្រួលភារកិច្ចអង្គភាពទទួលបន្ទុកគ្រប់គ្រងជី និងថ្នាំកសិកម្ម។ សកម្មភាពទាំងនេះរួមមាន ការធ្វើបច្ចុប្បន្នភាពឯកសារបណ្តុះបណ្តាលសម្រាប់អាជីវករដេប៉ូជី និងថ្នាំកសិកម្ម, ការកែសម្រួល និងបន្ថែមខ្លឹមសារចាំបាច់ទៅក្នុងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធឱ្យស្របទៅនឹងស្ថានការបច្ចុប្បន្ន, ការពង្រឹងការងារអធិការកិច្ចនៅតាមរាជធានី-ខេត្ត ដើម្បីទប់ស្កាត់ការនាំចូល និងការដាក់លក់ផលិតផលខុសច្បាប់ គ្មានបញ្ជិកា, ការចុះយកសំណាកជី និងថ្នាំកសិកម្មដេីម្បីត្រួតពិនិត្យគុណភាព, ការទប់ស្កាត់ការផ្សព្វផ្សាយលក់ផលិតផលខុសច្បាប់ គ្មានបញ្ជិកាតាមបណ្តាញសង្គម, និងការផ្តល់ការគាំទ្រចាំបាច់ដល់ការផលិតជីក្នុងស្រុក។

ឯកឧត្តមបញ្ជាក់បន្ថែមថាភាពជោគជ័យនៃអនុវិស័យដំណាំដែលសម្រេចបានផលិតកម្មរាប់លានតោនក្នុងមួយឆ្នាំៗ ជាមួយនឹងការធានាបានសន្តិសុខស្បៀង និងការនាំចេញកសិផលរាប់លានតោនទៅបរទេស ក៏មានការរួមចំណែកយ៉ាងសំខាន់នៃការគ្រប់គ្រងជី និងថ្នាំកសិកម្មនេះដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំឱ្យអង្គភាពជំនាញ និងមន្ទីរកសិកម្មទូទាំងប្រទេស បន្តពង្រឹងការគ្រប់គ្រងជី និងថ្នាំកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព តាមរយ:ការលើកកម្ពស់សេវាសាធារណៈគាំទ្រដល់ក្រុមហ៊ុន, ការគាំទ្រដល់ក្រុមហ៊ុន និងសិប្បកម្មផលិតជីក្នុងស្រុក, ការបង្កើនសកម្មភាពអធិការកិច្ចទប់ស្កាត់ការនាំចូល និងចរាចរណ៍ផលិតផលខុសច្បាប់ គ្មានបញ្ជិកា, ការចុះយកសំណាកផលិតផលមកត្រួតពិនិត្យគុណភាព និងការអប់រំណែនាំ និងអនុវត្តច្បាប់លើផេកដែលផ្សាយលក់ផលិតផលខុសច្បាប់ គ្មានបញ្ជិកាលើបណ្តាញសង្គម ដើម្បីជាប្រយោជន៍ដល់បងប្អូនប្រជាកសិករ និងវិស័យកសិកម្មកម្ពុជា៕

ដោយ៖ មករា





