ផ្ទះ៤ខ្នងអំណោយរបស់សម្តេចតេជោត្រូវបានប្រគល់ជូនសមាជិកអ.ន.កដែលមានជីវភាពខ្វះខាតនៅខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦-- លោក អ៊ុក ឃ្នួច អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារអ.ន.ក.ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ចុះប្រគល់ផ្ទះចំនួន៤ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនសមាជិកមានជីវភាពខ្វះខាត ដែលមានដីអត់ផ្ទះ ចំនួន៤ខ្នង នៅខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក អ៊ុក ឃ្នួច បាននាំយកប្រសាសន៍ និងក្តីនឹករលឹកផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តជនដែលទទួលបានផ្ទះថ្មីទាំង៤ខ្នង សូមរស់នៅដោយសេចក្តីសុខ សុភមង្គល និងមានសុខភាពល្អទាំងអស់គ្នា ។

សមាជិកដែលទទួលផ្ទះមាន៖ ទី១. ឈ្មោះ ផូ សុផល ភេទប្រុស អាយុ៦២ឆ្នាំ ជានិវត្តជន រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ទី២. ឈ្មោះ សឿន វ៉ាត់ ភេទប្រុស អាយុ៧១ឆ្នាំ ជានិវត្តជន រស់នៅភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ទី៣. ឈ្មោះ ឈន ឆេង ភេទប្រុស អាយុ៦៨ឆ្នាំ មានទីលំនៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង និងទី៤ ឈ្មោះ ថោង យឿត ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនពិការ មានទីលំនៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ៕

ដោយ ណយ នឿន (ប្រភព៖ សមាគមអតីតយុទ្ធជន)





