មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បើកវគ្គបណ្តុះបណ្តាលភាសាបារាំងឆ្នាំសិក្សា ២០២៦-២០២៧
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦-- វគ្គបណ្តុះបណ្តាលភាសាបារាំង ឆ្នាំសិក្សា ២០២៦-២០២៧ ក្រោមក្របខ័ណ្ឌសហប្រតិបត្តិការ និងការឧបត្ថម្ភគាំទ្រពីអង្គការអន្តរជាតិនិយាយភាសាបារាំង ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងស្ថានទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបើកដំណើរជាផ្លូវការ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយឯកឧត្តម សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។

ក្នុងនាមក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិ ឯកឧត្តម សែម រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីបារាំង ដែលតែងតែផ្តល់ការគាំទ្រយ៉ាងសកម្មដល់ការបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលនេះគឺជាការឆ្លុះបញ្ចាំងពីការសហការគ្នាយ៉ាងស្អិតល្មួតសម្រាប់ការអភិវឌ្ឍធនធានមនុស្ស សមត្ថភាព និងការយល់ដឹងទូទៅរបស់រក្សាសន្តិភាពកម្ពុជា ដែលត្រូវបញ្ជូនឱ្យទៅចូលរួមរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ខណៈដែលក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈកម្មាធិការជាតិ គឺជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យសន្តិសុខ ការពារជាតិ និងការបណ្តុះបណ្តាលធនធានមនុស្ស និងការបញ្ជូនកងកម្លាំងមួកខៀវកម្ពុជាទៅចូលរួមក្នុងបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ។

ឯកឧត្តម សែម រតនា បានគូសបញ្ជាក់ថា ជាក់ស្តែង វគ្គបណ្តុះបណ្តាលភាសាបារាំងឆ្នាំសិក្សា ២០២៦-២០២៧ ដែលយើងកំពុងប្រារព្ធពិធីបើកនាពេលនេះគឺបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងរបស់មជ្ឈមណ្ឌលជាតិក្នុងការបង្កើនសមត្ថភាពយោធិនយើងលើការប្រើប្រាស់ភាសាបារាំង ព្រមទាំងបង្កើនការយល់ដឹង និងទំនាក់ទំនងទម្រង់ការងារជាមួយបណ្តាប្រទេសនិយាយភាសាបារាំងនាពេលចេញទៅបំពេញបេសកកម្ម។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសហការរវាងគ្រូឧទ្ទេស ដៃគូសហការ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីសិក្សា និងធានាឱ្យដំណើរការវគ្គសិក្សានេះប្រព្រឹត្តទៅដោយរលូន និងបានជំរុញសិក្ខាកាមទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់ចំណេះដឹងពីគ្រូប្រចាំវគ្គឱ្យបានច្រើនបំផុត គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងបេសកកម្មការងារ និងការបំពេញភារកិច្ចរបស់ខ្លួននាពេលអនាគត ជាពិសេសបេសកកម្មរក្សាសន្តិភាព។

សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះកម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សរុបចំនួន ១០.៧២៣នាក់ ក្នុងនោះមាននារីចំនួន ១.០៥២នាក់ ទៅបំពេញបេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន ១០ មាន៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីរី សាយប្រឹស ម៉ាលី យេម៉ែន និងសាធារណរដ្ឋកុងហ្គោ លើជំនាញបោសសម្អាតមីន វិស្វកម្មសំណង់ផ្តេក សំណង់បញ្ឈរ វិស្វកម្មព្រលានយន្តហោះ មន្ទីរពេទ្យកម្រិត២ អាវុធហត្ថ កម្ទេចគ្រឿងផ្ទុះ និងបន្សាបគ្រឿងផ្ទុះកែច្នៃ នាយទាហានសេនាធិការ និងនាយទាហានសង្កេតការណ៍។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៤៧១នាក់ ក្នុងនោះនារីចំនួន ៨៤នាក់ បាន និងកំពុងបំពេញបេសកកម្មនៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង តំបន់ពិសេសអាប់យ៉េ សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕

ដោយ៖ ចាន់ សុភឿន





