អភិបាលស្រុកតាំងគោកជួបសំណេះសំណាល និងផ្សព្វផ្សាយវិធានការទប់ស្កាត់បទល្មើសនេសាទជូនពលរដ្ឋភូមិគោកត្របែក
AKP កំពង់ធំ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦-- លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក និងសហការី នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ក៏ដូចជាស្តាប់នូវរាល់បញ្ហា សំណើ និងសំណូមពរផ្ទាល់ពីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្នុងជំនួបនោះ លោក ហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់បំផុតលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ លោកអភិបាលស្រុកបានបើកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋលើកឡើងនូវបញ្ហាប្រឈម ពីការលំបាកជាក់ស្តែងក្នុងការងារបង្កបង្កើនផលនិងជីវភាពប្រចាំថ្ងៃ បញ្ហាអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណជាដើម។ សំណើ និងសំណូមពរ បានកត់ត្រានូវរាល់តម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយបានទាន់ពេលវេលា។

លោក ហាក់ ម៉ុងហួត បានឱ្យមន្រ្តីជំនាញផ្សព្វផ្សាយ និងជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីបញ្ហាផ្សេងៗ ជាពិសេសគឺ «វិធានការទប់ស្កាត់នូវបទល្មើសនេសាទ» ដោយបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗ រួមមាន៖ ការអប់រំ និងណែនាំប្រជាពលរដ្ឋកុំឱ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់និងបំផ្លិចបំផ្លាញ ដូចជា "ឧបករណ៍ឆក់ អូនមុង អួនក្រឡាញឹក"។ បំផុសស្មារតីឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរាយការណ៍ពីបទល្មើសនេសាទ ដើម្បីរួមគ្នាការពារធនធានជលផលឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

ក្នុងឱកាសនោះលោកអភិបាលស្រុកតាំងគោកបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការងារបង្កបង្កើនផល និងដំណាំរួមផ្សំផ្សេងៗរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានផ្ទាល់៕

ដោយ ស៊ុម វណ្ណា





