មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកា និងកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីការបញ្ជ្រាបយេនឌ័រនៅក្នុងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦-- រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ លោកជំទាវ ងិន លីណា បានដឹកនាំក្រុមការងារចូលរួម និងធ្វើជាវាគ្មិនកិត្តិយសក្នុងវេទិកា និងកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីការបញ្ជ្រាបយេនឌ័រនៅក្នុងការប្រែប្រួលអាកាសធាតុ និង ការគ្រប់គ្រងគ្រោះមហន្តរាយ។

គួរបញ្ជាក់ថាវេទិកានេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ការគាំទ្រ និងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្អែកលើអំណេះអំណាងតាមបែបវិទ្យាសាស្ត្រ និងព័ត៌មានទិន្នន័យជាក់ស្តែង។

ជាលទ្ធផលនៃវេទិកានេះ គឺ៖ ១- ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងអ្នកតាក់តែងគោលនយោបាយនិងកម្មវិធីតាមវិស័យ នៅតាមក្រសួងស្ថាប័នពាក់ព័ន្ធបានឯកភាព និងប្តេជ្ញាលើការបញ្ជ្រាបយេនឌ័រនៅក្នុងដំណើការរៀបចំ និងអនុវត្តផែនការ និងកម្មិវធីនៅតាមវិស័យ។ ២-បញ្ជីធាតុចូល និងអនុសាសន៍សំខាន់ៗ សម្រាប់ការជំរុញការអនុវត្ត NDC 3.0 និងក្របខ័ណ្ឌគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធដែលឆ្លើយតបនឹងយេនឌ័រ និង៣-ចំណុចគោលរួម និងកិច្ចការចំពោះមុខ និងជាយុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌនៃកិច្ចសហការ និងការគាំទ្របច្ចេកទេសរបស់ក្រសួងកិច្ចការនារីជាមួយក្រសួង ស្ថាប័ន និង ក្រុមការងារបញ្ជ្រាបយេនឌ័រនៅតាមវិស័យពាក់ព័ន្ធត្រូវបានកំណត់ច្បាស់លាស់។

គួរបញ្ជាក់ថា អង្គវេទិកានេះបានបែងចែកក្រុមពិភាក្សាដើម្បីប្រមូលធាតុចូលក្នុងការធ្វើស្ថាប័នីយកម្មឆ្លើយតបនឹងយេនឌ័រ ដោយកំណត់រកវិធានការ សកម្មភាព និងតម្រូវការជាក់លាក់ រួមនឹងសំណូមពរតាមក្រសួងស្ថាប័ននីមួយៗ៕

ដោយ៖ មករា





