រយៈពេល៦ខែ ឆ្នាំ២០២៦ ខេត្តកំពង់ធំទទួលភ្ញៀវទេសចរជាតិ និងបរទេសមកទស្សនាកម្សាន្តចំនួន៦៤៥ ៨១៨នាក់
AKP កំពង់ធំ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦--លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងនាព្រឹកថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៦នេះថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ ខេត្តកំពង់ធំបានទទួលភ្ញៀវទេសចរជាតិនិងបរទេសមកទស្សនាកម្សាន្តក្នុងខេត្តកំពង់ធំសរុបចំនួន ៦៤៥.៨១៨នាក់ ក្នុងនោះរួមមាន៖ ភ្ញៀវទេសចរជាតិសរុបចំនួន ៦៣៣.៧១៨នាក់ ប្រៀបធៀបនឹងឆ្នាំ២០២៥ ក្នុងរយៈពេលដូចគ្នាមានការថយចុះចំនួន ៣,៥០% និងភ្ញៀវទេសចរបរទេសសរុបចំនួន ១២.១០០នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៥ ក្នុងរយៈពេលដូចគ្នាសរុបចំនួន ១១.២០៣នាក់ មានកើនឡើងចំនួន ៨,០១%។

លោក សេង អាន បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះដែរ មានភ្ញៀវទេសចរមកស្នាក់នៅសរុបចំនួន ១០៥.៩១០នាក់ ប្រៀបធៀបចំនួនភ្ញៀវទេសចរ ឆ្នាំ២០២៥ ក្នុងរយៈពេលដូចគ្នាមានចំនួន ៩៥.១២២នាក់ កើនឡើងចំនួន ១១,៣៤% ក្នុងនោះរួមមាន៖ ភ្ញៀវទេសចរជាតិ មានចំនួនសរុប ១០១.៤៧២នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៥ ក្នុងរយៈពេលដូចគ្នាសរុបចំនួន៩១៩២៦នាក់ មានការកើនឡើងចំនួន ១០,៣៨% និងភ្ញៀវទេសចរបរទេសសរុបចំនួន ៤.៤៣៨ នាក់ ប្រៀបធៀបនឹងឆ្នាំ២០២៥ ក្នុងរយៈពេលដូចគ្នាសរុបចំនួន ៣.១៩៦នាក់ មានការកើនឡើងចំនួន៣៨,៨៦%។

ខេត្តកំពង់ធំមានសក្ដានុពលទេសចរណ៍ធម្មជាតិ និងវប្បធម៌ជាច្រើនកន្លែងអាចឱ្យភ្ញៀវទេសចរមកទស្សនាកម្សាន្តរួមមាន៖ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ប្រាសាទគុកនគរ រមណីយដ្ឋានភ្នំសន្ទុក រមណីយដ្ឋានស្ទឹងជីនិត រមណីយដ្ឋានបឹងសំរឹទ្ធិ ធ្នូសតាព្រំ ស្ទឹងព្រៃប្រស់ សហគមន៍អេកូទេសចរណ៍រស្មីភូមិពីរគីរីបឹងក្រញ៉ាក តំបន់អេកូទេសចរណ៍ផាត់សណ្ដាយ មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោកត្រៃលក្ខណ៍ និងវត្តឥន្ទ្រីយ៍សំវរៈ(វត្តកំពង់ធំ) ដែលមាន ទេសចរចូលចិត្តទៅទស្សនាកម្សាន្តជាច្រើន។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានបញ្ជាក់ថា រដ្ឋបាលខេត្តបានខិតខំក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងរៀបចំទីក្រុងទេសចរណ៍ក្នុងការទាក់ទាញទេសចរ និងជំរុញកំណើនសេដ្ឋកិច្ចខេត្ត។ ថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីបានខិតខំបំពេញការងារដោយភាពទទួលខុសត្រូវនិងមានសាមគ្គីភាពខ្ពស់៕
ដោយ ស៊ុម វណ្ណា





