កូរ៉េខាងជើងរិះគន់សមយុទ្ធយោធាជប៉ុន-អាម៉េរិក ថាជាការហាត់សមសង្គ្រាម
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ -- កាលពីថ្ងៃចន្ទ ប្រទេសកូរ៉េខាងជើងបានថ្កោលទោសសមយុទ្ធយោធារួមគ្នាដែលកំពុងបន្តរវាងកងកម្លាំងការពារខ្លួនលើដីរបស់ប្រទេសជប៉ុន និងកងម៉ារីនសហរដ្ឋអាមេរិកដោយដាក់ស្លាកថាវាជាការ «ហាត់សមសង្គ្រាម»។
នៅក្នុងអត្ថបទវិចារណកថាមួយដែលចុះផ្សាយកាលពីថ្ងៃចន្ទដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានរិះគន់ប្រទេសជប៉ុនចំពោះការចូលរួមក្នុងសមយុទ្ធResolute Dragon ដោយចោទប្រកាន់ថាខ្លួនបានបង្កើន «សមត្ថភាពឈ្លានពាន» របស់ខ្លួន។
អត្ថបទវិចារណកថានេះបានអះអាងផងដែរថា «ប្រទេសជប៉ុនបានធ្វើឱ្យស្ថានការណ៍ (សន្តិសុខ) នៅក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើងដោយការពង្រឹងទំនាក់ទំនងយោធារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក» ដោយយោងទៅលើសមយុទ្ធ Iron Fist ដែលជាសមយុទ្ធរួមបញ្ចូលគ្នាដាច់ដោយឡែករវាងសហរដ្ឋអាមេរិក និងជប៉ុនដែលបានធ្វើឡើងកាលពីខែកុម្ភៈ។
អត្ថបទរបស់ទីភ្នាក់ងារ KCNA បានអះអាងបន្ថែមទៀតថា មីស៊ីលរយៈចម្ងាយឆ្ងាយត្រូវបានបាញ់សាកល្បងក្នុងសមត្ថភាព «បង្ការ» ដែលមានបំណងវាយប្រហារប្រទេសជិតខាងក្នុងអំឡុងពេលចូលរួមលើកដំបូងរបស់ប្រទេសជប៉ុននៅក្នុងសមយុទ្ធពហុជាតិដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងខែមេសា និងឧសភា។
សមយុទ្ធ Resolute Dragon ដែលបានចាប់ផ្តើមនៅថ្ងៃទី២០ ខែមិថុនានៅកោះអូគីណាវ៉ា និងគ្យូស៊ូ ដែលជាកោះសំខាន់ៗនៅភាគនិរតីនៃប្រទេសជប៉ុន ត្រូវបានគ្រោងនឹងបញ្ចប់នៅថ្ងៃអង្គារនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





