អាហ្វហ្គានីស្ថាន៖ ខ្លួនរងការវាយប្រហារតាមអាកាសពីប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ -- អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក ហ្សាប៊ីហ៊ូលឡាហ៍ មូចាហ៊ីដ (Zabihullah Mujahid) បាននិយាយកាលពីព្រឹកថ្ងៃចន្ទថា តំបន់ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថានដែលមានព្រំប្រទល់ជាប់នឹងប្រទេសប៉ាគីស្ថាន បានរងការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថានកាលពីយប់មិញ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស។
យោងតាមលោក មូចាហ៊ីដ បានឱ្យដឹងថា យោធាប៉ាគីស្ថានបានធ្វើការវាយប្រហារតាមអាកាសលើស្រុកហ្គាយាន់ ក្នុងខេត្តប៉ាកទីកា ស្រុកទីសាមកានី ក្នុងខេត្តប៉ាក់ទៀ និងស្រុកម៉ាណូហ្គៃ ក្នុងខេត្តគូណា។ លោកបាននិយាយថា ការវាយប្រហារទាំងនេះបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជនស៊ីវិលរាប់សិបនាក់ រួមទាំងស្ត្រី និងកុមារផងដែរ។
លោក មូចាហ៊ីដ ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះអ្វីដែលលោកបានលើកឡើងថាជា «ទង្វើឈ្លានពានដ៏កំសាក» ដោយហៅវាថា «ជាឧក្រិដ្ឋកម្ម និងជាទង្វើឃោរឃៅ»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយប៉ាគីស្ថាន លោក អាតទូលឡាហ៍ តារ៉ា (Attaullah Tarar) កាលពីថ្ងៃចន្ទបាននិយាយថា ភេរវករចំនួន២៩នាក់ត្រូវបានសម្លាប់ បន្ទាប់ពីប៉ាគីស្ថានបានបើកប្រតិបត្តិការដីគោក និងការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមភេរវករ Tehreek-e-Taliban Pakistan (TTP) ខុសច្បាប់ និងក្រុមបំបែកខ្លួន Jamaat-ul-Ahrar តាមបណ្តោយតំបន់ព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន។
មន្ត្រីរូបនេះបាននិយាយថា ភេរវករដែលត្រូវបានសម្លាប់ទាំងនោះមានជាប់ពាក់ព័ន្ធនឹងឧប្បត្តិហេតុភេរវកម្មជាច្រើនលើកថ្មីៗនេះ ប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់ និងភ្នាក់ងារអនុវត្តច្បាប់របស់ប៉ាគីស្ថាន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





