អាហ្វហ្គានីស្ថានព្យាបាលអ្នកប្រើប្រាស់គ្រឿងញៀនជាង ៤៥.០០០នាក់ក្នុងរយៈពេល ១ឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ -- មន្ត្រីសុខាភិបាលអាហ្វហ្គានីស្ថានបានប្រកាសកាលពីថ្ងៃអាទិត្យថា មនុស្សជាង ៤៥.០០០នាក់ដែលរងទុក្ខដោយសារការប្រើប្រាស់គ្រឿងញៀនបានបញ្ចប់ការព្យាបាលនិងបានជួបជុំគ្រួសាររបស់ពួកគេវិញក្នុងរយៈពេលមួយឆ្នាំកន្លងមក។
ថ្លែងក្នុងពិធីមួយដែលផ្តោតលើការបង្ការគ្រឿងញៀន និងការយល់ដឹងជាសាធារណៈ លោក អាល់ ហាហ្វីហ្ស អ៊ីណាមូលឡាហ៍ អាមម៉ា (Al-Hafiz Inamullah Ammar) នាយកកម្មវិធីព្យាបាលការញៀនថ្នាំជាតិនៅក្រសួងសុខាភិបាលសាធារណៈ បាននិយាយថា មនុស្សជាង ៤៥.០០០នាក់បានទទួលការព្យាបាល ខណៈដែលមនុស្សជិត ៣០០.០០០នាក់ផ្សេងទៀតទទួលបានអត្ថប្រយោជន៍ពីយុទ្ធនាការយល់ដឹងដែលមានគោលបំណងទប់ស្កាត់ការប្រើប្រាស់សារធាតុញៀន។
លោក អាមម៉ា បានមានប្រសាសន៍ថា «យើងប្តេជ្ញាពង្រឹងគំនិតផ្តួចផ្តើមបង្ការគ្រឿងញៀន និងពង្រីកសេវាព្យាបាលទូទាំងប្រទេស»។
យោងតាមលោក វ៉ាដាត អាឡូកូហ្សាយ (Wahdat Alokozay)អគ្គនាយកផ្នែកវេជ្ជសាស្ត្រព្យាបាលនៅក្រសួងបានឱ្យដឹងថា ការព្យាបាលសម្រាប់បុគ្គលប្រើប្រាស់គ្រឿងញៀនបច្ចុប្បន្នមាននៅក្នុងមន្ទីរពេទ្យប្រហែល ៦៧កន្លែងទូទាំងប្រទេស។
ប្រទេសអាហ្វហ្គានីស្ថានបានលេចចេញជាប្រទេសផលិតហេរ៉ូអ៊ីន និងអាភៀនឈានមុខគេលើពិភពលោកក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះក្នុងអំឡុងពេលមានវត្តមានរបស់កងទ័ពសហរដ្ឋអាមេរិក និងកងទ័ពសម្ព័ន្ធមិត្ត។ រយៈពេលនោះបានបន្សល់ទុកអ្នកប្រើប្រាស់គ្រឿងញៀនរាប់លាននាក់ដែលបង្កើតបញ្ហាប្រឈមដ៏សំខាន់មួយចំពោះសុខភាពសាធារណៈ និងសង្គមនៅក្នុងប្រទេសក្រីក្រនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





