វៀតណាមបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីមានការរញ្ជួយដី
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ -- យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក VnExpress បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យប្រទេសវៀតណាមបានបញ្ជូនក្រុមមន្ដ្រីយោធាចំនួន ៨២នាក់មកពីអង្គភាពផ្សេងៗគ្នា រួមទាំងកងកម្លាំងឆ្មាំព្រំដែន និងកងកម្លាំងពេទ្យយោធាទៅកាន់ប្រទេសវេណេស៊ុយអេឡា ដើម្បីជួយក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវមួយកាលពីពេលថ្មីៗនេះ។
របាយការណ៍បាននិយាយថា បេសកកម្មនេះគឺជាលើកទី៣ ហើយដែលកងទ័ពប្រជាជនវៀតណាមបានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះគ្រោះរញ្ជួយដីអន្តរជាតិ។
កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ប្រទេសវៀតណាមបានបញ្ជូនមន្ដ្រីយោធាចំនួន ៧៦នាក់ទៅកាន់ប្រទេសតួកគី សម្រាប់បេសកកម្មជួយសង្គ្រោះគ្រោះរញ្ជួយដីនៅក្រៅប្រទេសលើកដំបូងរបស់ខ្លួន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧,៨រ៉ិចទ័រដែលបានសម្លាប់មនុស្សជាង ៤៣.៥០០នាក់។
២ឆ្នាំក្រោយមក គឺនៅខែមីនា ឆ្នាំ២០២៥ ប្រទេសវៀតណាមបានដាក់ពង្រាយមន្ដ្រីយោធាចំនួន ៨០នាក់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ ដែលបានឆក់យកជីវិតមនុស្សជាង៣.០០០នាក់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





