ត្រចៀកកាំកោះតូចជាសត្វកម្រ និងត្រូវបានប្រទះឃើញតែនៅលើផ្ទៃសមុទ្រ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦--ត្រចៀកកាំកោះតូច មានឈ្មោះវិទ្យាសាស្រ្តថា Fregata ariel។ ត្រចៀកកាំកោះតូចមានកម្ពស់ពី៧១ ទៅ៨១ស.ម។ នៅកម្ពុជា វាជាប្រភេទទេសន្តរប្រវេសន៍ និងស្ថិតនៅក្នុងបញ្ជី IUCN ជាប្រភេទរងគ្រោះតិចតួច។ ត្រចៀកកាំកោះតូច ជាសត្វស្លាបដែលយើងមិនងាយបានឃើញ និងអាចឃើញតែនៅលើផ្ទៃទឹកសមុទ្រ និងនៅលើកោះមួយចំនួន នៃខេត្តព្រះសីហនុប៉ុណ្ណោះ។

ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់តាមបណ្តាញសង្គមនៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦ឱ្យដឹងថា គេសម្គាល់ត្រចៀកកាំកោះតូចឈ្មោល ដោយមានដងខ្លួនពណ៌ខ្មៅស្ទើរតែទាំងស្រុង និងមានដៅពណ៌សនៅក្រោមគល់ស្លាប រហូតដល់ផ្នែកខាងក្រោមស្លាប។ ចំណែកញី មានវណ្ឌក ក្បាល និងផ្នែកក្រោមពណ៌ខ្មៅ ផ្នែកខាងក្រោមពណ៌ស លយចេញរាងជាអ័ក្សចូលទៅក្នុងស្លាបផ្នែកខាងក្រោម។ ពេលនៅវ័យក្មេង ក្បាលមានពណ៌ប្រែប្រួលពីក្រហមច្រែះទៅប្រផេះស្រាល វណ្ឌទ្រូងខ្មៅ មានបំណះ ពោះពណ៌ស រាងត្រីកោណ អ័ក្សពណ៌ស តែងតែលយចេញចូលទៅក្នុងស្លាបផ្នែកខាងក្រោម។ ត្រចៀកកាំកោះតូចមានទីជម្រកនៅតំបន់ឆ្នេរសមុទ្រ ទំនាបលិចទឹក តំបន់ដីសើម៕



ដោយ៖ មករា





