សត្វទោចមកុដក្នុងព្រៃអង្គរបានកើតកូន១ក្បាលទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដ មានចំនួនសរុប១៥ក្បាល
AKP សៀមរាប ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦--សត្វទោចមកុដក្នុងព្រៃអង្គរបានផ្តល់កំណើតកូនតូច១ក្បាលទៀតនៅអំឡុងខែឧសភា និងត្រូវបានក្រុមការងារនៃអាជ្ញាធរជាតិអប្សរា និងអង្គការដៃគូដាក់ឈ្មោះឱ្យថា រៃ។

លោក និក ម៉ាក អ្នកជំនាញរបស់អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) និងជាទីប្រឹក្សាផ្នែកជីវចម្រុះរបស់អាជ្ញាធរជាតិអប្សរា បានបង្ហាញអារម្មណ៍រីករាយឥតឧបមា ដែលវត្តមានសត្វទោចមកុដមួយក្បាលទៀតបានរស់រាននៅក្នុងព្រៃអង្គរ។ លោករំឭកថា អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បាននាំយកសត្វទោចនេះមកព្រលែងនៅក្នុងឧទ្យានអង្គរនាឆ្នាំ ២០១៣។ ជាបន្តបន្ទាប់ គម្រោងនេះបាននាំយកទោចមកុដចំនួន ៤គូ ឬ៤គ្រួសារ មកលែងនៅតាមទីតាំងផ្សេងៗឆ្ងាយពីគ្នាក្នុងព្រៃអង្គរ ហើយបច្ចុប្បន្នទោចទាំងនោះ បង្កើតកូនបានចំនួន៧ក្បាលរួចហើយ។ សរុបវត្តមានសត្វទោចទាំងអស់ ដែលកំពុងរស់នៅក្នុងឧទ្យានមានចំនួន១៥ក្បាល។ទាក់ទងនឹងវត្តមានកូនទោចថ្មីឈ្មោះរៃនេះ លោក និក ម៉ាក បានបញ្ជាក់ថា ឪពុករបស់វាឈ្មោះ បារាយណ៍ ម្តាយឈ្មោះ សារ៉ានិច ដែលធ្លាប់មានកូនចំនួន២ក្បាលរួចមកហើយ គឺកូនទី១ឈ្មោះ កន្ទេះឡង់ និងកូនទី២ឈ្មោះ ក្តាមទូក។

លោក មឿន សារិន្ទ ដែលជាអ្នកថែទាំ និងដាក់ចំណីឱ្យសត្វទោចមកុដក្នុងព្រៃអង្គរបានឱ្យដឹងថា ក្នុងមួយថ្ងៃ លោក និងកូនប្រុស ត្រូវដើរដាក់ចំណីចំនួន២ដង គឺនៅពេលព្រឹក និងរសៀល។ ក្រៅពីដាក់ចំណី លោកក៏ត្រូវតាមដានពីសុខទុក្ខរបស់សត្វទាំងនោះផងដែរ ដូចជាកន្លែងរស់នៅ ឥរិយាបថរបស់ពួកវា និងពិនិត្យក្រែងវាមានគ្រោះថ្នាក់ណាមួយជាយថាហេតុ។ បុគ្គលិកអាជ្ញាធរជាតិអប្សរារូបនេះ បញ្ជាក់ថា អាហារដែលសត្វទោចហូបជាប្រចាំមានផ្លែឈើចម្រុះដូចជា ចេក សាវម៉ាវ ល្ហុង និងផ្លែឈើតាមរដូវកាល។ ហើយការដាក់ចំណីត្រូវចងដាក់លើក្តារទាញទៅលើឱ្យខ្ពស់បន្តិច បង្ការកុំឱ្យសត្វទោចចុះដី ខ្លាចសត្វឆ្កែខាំវា។

ក្នុងនាមជាអ្នកអភិរក្សសត្វព្រៃមួយរូប លោក និក ម៉ាក អំពាវនាវដល់សាធារណជនទាំងអស់ សូមកុំឱ្យចំណី និងលេងជាមួយសត្វព្រៃ ដោយទុកឱ្យវារស់នៅដោយរបៀបរបស់វា។ លោក និក ម៉ាក ក៏មិនគាំទ្រដែរចំពោះបុគ្គលខ្លះដែលនាំសត្វព្រៃមកចិញ្ចឹមនៅតាមផ្ទះ ដែលលោកយល់ថា កំពុងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងផ្លាស់ប្តូរធម្មជាតិរបស់សត្វ៕

ដោយ ឃុត សៅ





